រុស្សីបានស្ទាក់ចាប់រលកដ្រូនថ្មីនៅទីក្រុងមូស្គូ ខណៈដែលអគារការិយាល័យមួយត្រូវបានវាយប្រហារ
មូស្គូ៖ យោងតាមក្រុមមន្ត្រីរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានស្ទាក់បាញ់វិទ្យុសកម្មទម្លាក់យន្តហោះគ្មានមនុស្សបើក ឬហៅកាត់ថា ដ្រូន ជាច្រើនគ្រឿងម្តងទៀតនៅទីក្រុងមូស្គូ។យ៉ាងណាក៏ដោយក្នុងចំណោមនោះ ដ្រូនមួយគ្រឿងបានហោះបុកបំផ្លាញអគារការិយាល័យដែលធ្លាប់បានរងការវាយប្រហារកាលពីចុងសប្តាហ៍មុនរួចម្ដងហើយ។
កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះសារនៅលើបណ្ដាញតេឡេក្រាម (Telegram) ថា អង្គភាពប្រឆាំងយន្តហោះរបស់ខ្លួនបានរារាំងការវាយប្រហារភេរវកម្មដោយទីក្រុងកៀវ(Kyiv) និងបានបាញ់ទម្លាក់ដ្រូនចំនួនពីរគ្រឿងនៅតំបន់ជាយក្រុងភាគខាងលិចកណ្តាលទីក្រុង។
ក្រសួងបានបន្ថែមថា ដ្រូនមួយគ្រឿងទៀតដែលបានរងការវាយប្រហារដោយឧបករណ៍វិទ្យុអេឡិចត្រូនិក បានបាត់បង់លំនឹងគ្រប់គ្រង ហើយក៏បានធ្លាក់នៅលើអគារមួយនៅក្នុងទីក្រុងម៉ូស្គូ។ ក្រសួងបានបញ្ជាក់ថា តំបន់កើតហេតុនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងរដ្ឋធានី។
អភិបាលក្រុងមូស្គូ លោក ស៊ឺហ្គៃ សូបយ៉ានីន (Sergei Sobyanin) បានឱ្យដឹងថា អគារដែលរងការវាយប្រហារកាលពីថ្ងៃអង្គារ គឺជាអគារតែមួយដែលបានរងការវាយប្រហារដោយដ្រូនកាលពីថ្ងៃអាទិត្យ។ លោកបានថ្លែងថា ៖ «ដ្រូនមួយគ្រឿងបានហោះចូលទៅក្នុងប៉មមួយនៅឯអគារម៉ូសវ៉ាស៊ីធី (Moskva City) ដែលជាអគាររងការវាយប្រហារពីមុនម្ដងហើយ។ នៅជាន់ទី២១ បានរងការខូចខាត ដោយកញ្ចក់ត្រូវបានបំផ្លាញជាង ១៥០ ម៉ែត្រការ៉េ»។ លោកបានបន្ថែមថា «មិនមានព័ត៌មានអំពីការស្លាប់ និងរងរបួសនោះទេ»។
ការវាយប្រហារកាលពីថ្ងៃអង្គារនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលរុស្ស៊ីបានចោទប្រកាន់ទៅលើទីក្រុងកៀវ ថាបានកំណត់គោលដៅវាយប្រហារទៅលើវិមានក្រឹមឡាំង Kremlin និងទីក្រុងមូស្គូ។
កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ខ្លួនបានស្ទាក់ដំណើរដ្រូនរបស់អ៊ុយក្រែនចំនួន ៣ គ្រឿងនៅលើរដ្ឋធានី បណ្ដាលឱ្យមានការខូចខាតអគារចំនួនពីរ និងបានផ្អាកប្រតិបត្តិការមួយរយៈពេលខ្លីនៅឯអាកាសយានដ្ឋានអន្តរជាតិញូកូវ៉ូ (Vnukovo)។
វិមានក្រឹមឡាំងបានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែននេះ គឺបង្ហាញថា ទីក្រុងគៀវកំពុងអស់ក្ដីអស់សង្ឃឹម ដោយសារតែបានបរាជ័យនៅសមរភូមិក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក ក្រុមមន្ត្រីអ៊ុយក្រែនមិនបានទទួលស្គាល់ការវាយប្រហារនេះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានរំលេចថា ជម្លោះបានរីករាលដាលដល់ក្នុងប្រទេសរុស្ស៊ីហើយ។
លោកបាននិយាយថា ៖ «បន្តិចម្តងៗ សង្រ្គាមកំពុងវិលត្រលប់ទៅកាន់ទឹកដីរុស្ស៊ីវិញ ពោលគឺទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់ខ្លួន ហើយនេះគឺជាដំណើរធម្មជាតិ និងយុត្តិធម៌ពិតប្រាកដដែលជៀសមិនរួច»។ លោកបានបន្ថែមថា «ប្រទេសអ៊ុយក្រែនបាននឹងកំពុងកាន់តែខ្លាំងក្លាជាងមុន»។
អ៊ុយក្រែនបានចាប់ផ្តើមបើកការវាយលុកទៅលើរុស្ស៊ីវិញនៅក្នុងខែមិថុនា ដែលជាផែនការវាយបកដែលបានរៀបចំទុកជាយូរណាស់មកហើយ ប៉ុន្តែហាក់ដូចជាទទួលបានលទ្ធផលតិចតួច ដោយសារតែត្រូវប្រឈមមុខនឹងកម្លាំងទប់ដ៏រឹងមាំរបស់កងកម្លាំងរុស្ស៊ីនៅជួរមុខ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Al Jazeerahttps://www.aljazeera.com/news/2023/8/1/russian-forces-down-new-wave-drones-over-moscow-office-tower-hit