នាយសេនាធិការ កងទ័ពជើងគោក ៖ កងពលតូចអន្តរាគមន៍លេខ១ ត្រូវបន្តបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តកំពង់ឆ្នាំង)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ជំរុញឱ្យកងពលតូចអន្តរាគមន៍លេខ១ ត្រូវបន្តបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យការពារជាតិឱ្យកាន់តែប្រសើរថែមទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានបញ្ជាក់ថា៖ កងពលតូចអន្តរាគមន៍លេខ១ បានដំណើរការហ្វឹកហ្វឺនឆ្នាំ២០២២ មាន ១៣វគ្គ ចំនួនរួម ១.៤៥៥នាក់ ,យោធាចារ្យ ១០៥នាក់។ ដោយឡែកនៅឆ្នាំ២០២៣នេះ បានបន្តដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ១១វគ្គ មានចំនួនរួម ៩៦៩នាក់ សិក្ខាកាម ៨៨១នាក់ យោធាចារ្យចំនួន ៨៨នាក់ ។

ក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រៃង របស់ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងពលតូចអន្តរាគមន៍លេខ១ ចំពោះការខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមដែលបានសហការសាមគ្គី ឯកភាពជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ ទទួលបានដោយជោគជ័យ ។

ឯកឧត្តមនាយសេនាធិការ ក៏បានបន្តទៀតថា ការហ្វឹកហ្វឺន ថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធាន មនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបម្រើជាតិ មាតុភូមិ របស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។

ឯកឧត្តម ក៏បានផ្តាំ ផ្ញើដល់ប្អូនៗដែលទើបបញ្ចប់ការហ្វឹកហ្វឺន និងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំ តស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេន ទៅថ្ងៃអនាគត។

សិក្ខាកាមវគ្គហ្វឹកហ្វឺនឆ្នាំ២០២៣ ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឱ្យបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ៕

ប្រភព ៖ កងទ័ពជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner