ចិនចង់ប្រមូលប្រជាជនទាំងអស់ ប្រឆាំងចារកម្ម

ប៉េកាំង៖ កាលពីថ្ងៃអង្គារ ក្រសួងសន្តិសុខរដ្ឋចិនបានថ្លែងថា ប្រទេសចិនគួរតែលើកទឹកចិត្តពលរដ្ឋរបស់ខ្លួន ឱ្យចូលរួមក្នុងការ​ងា​រប្រឆាំងចារកម្មដូចជាតាមរយៈការបង្កើតបណ្តាញសម្រាប់បុគ្គលដើម្បីរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ក៏ដូចជា​ការលើកសរសើរជាផ្លូវការ និងផ្តល់រង្វាន់ដល់ពួកគេជាដើម។​

ក្រសួងសន្តិសុខរដ្ឋចិន ជាទីភ្នាក់ងារសំខាន់ដែលមើលការខុសត្រូវ​លើរឿងស៊ើបការណ៍សម្ងាត់បរទេស និងការប្រឆាំងចារកម្ម។ យោងតាមការបង្ហោះសាររបស់ក្រសួងនេះនៅលើបណ្ដាញសង្គមវីឆាត (WeChat) បានឱ្យដឹងថា ក្រសួងបានស្នើឱ្យបង្កើតប្រព័ន្ធមួយសម្រាប់មហាជនដែលអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើចារកម្ម។​

គួរដឹងដែរថា ការអំពាវនាវឱ្យមានការលើកកម្ពស់ដល់សាធារណជនក្នុងការចូលរួមប្រឆាំងអំពើចារកម្មនេះ ធ្វើឡើងបន្ទាប់ពីច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិនត្រូវបានពង្រីកវិសាលភាពកាលពីខែកក្កដាកន្លងទៅ។​

ច្បាប់ហាមប្រាមការផ្ទេរព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់អំពីនិយមន័យជាក់លាក់នេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ពោលគឺព្រួយបារម្ភត្រង់ថា ក្រុមហ៊ុនបរទេសដែលកំពុងឈរជើងនៅក្នុងប្រទេសចិន អាចប្រឈមនឹងការដាក់ទណ្ឌកម្មចំពោះសកម្មភាពអាជីវកម្មមួយចំនួនរបស់ពួកគេ។​

ច្បាប់ដែលបានធ្វើវិសោធនកម្មថ្មីៗនេះ បានអនុញ្ញាតឱ្យអាជ្ញាធរចិន អនុវត្តការស៊ើបអង្កេតប្រឆាំងចារកម្ម ដោយអាចចូលទៅពិនិត្យមើលទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងព័ត៌មានអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ជនសង្ស័យទៀតផង។​

កាលពីខែកក្កដា រដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋចិន លោក ឆិន យីស៊ិន (Chen Yixin) បានសរសេរអត្ថបទមួយនៅក្នុងទស្សនាវដ្តីច្បាប់របស់ប្រទេសចិនថា សន្តិសុខនយោបាយ គឺជារឿងអាទិភាពកំពូលនៃសន្តិសុខជាតិរបស់ចិន ហើយស្នូ​ល​នៃសន្តិសុខនយោបាយ គឺជាសន្តិសុខនៃប្រព័ន្ធនយោបាយរបស់ប្រទេសចិនទាំងមូល។ ​

លោក ឆិន បានលើកឡើងថា ៖ «មូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនោះគឺត្រូវការពារប្រព័ន្ធដឹកនាំ និងអំណាចរបស់បក្សកុម្មុយនីស្តចិន និងប្រព័ន្ធសង្គមនិយមដែលមានចរិតលក្ខណៈបែបចិន»។​

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់ខ្លួន និងឃុំខ្លួនជនជាតិចិន និងបរទេសរាប់សិបនាក់ ពីបទសង្ស័យថាបានប្រព្រឹត្តអំពើចារកម្ម។សូម្បីតែនាយកប្រតិបត្តិនៅក្រុមហ៊ុនឱសថជប៉ុនមួយឈ្មោះថា ក្រុមហ៊ុន Astellas Pharma ក៏ត្រូវបានចាប់ខ្លួនដែរកាលពីខែមីនា។​

លើសពីនេះ អ្នកកាសែតអូស្ត្រាលី​ម្នាក់ឈ្មោះថា អ្នកស្រី ឆិង ឡី (Cheng Lei) ត្រូវបានចិនចោទប្រកាន់ពីបទផ្តល់ព័ត៌មានសម្ងាត់របស់រដ្ឋចិនទៅកាន់ប្រទេសមួយផ្សេងទៀត ហើយអ្នកស្រីត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ។

ចិន​អះអាង​ថា ខ្លួនកំពុង​រង​ការ​គំរាម​កំហែង​ពី​អ្នក​ស៊ើបការណ៍ ខណៈ​ប្រទេស​លោក​ខាង​លិច ជា​ពិសេស​សហរដ្ឋ​អាមេរិក បានធ្វើការចោទប្រកាន់ចិន​ពី​បទ​ចារកម្ម និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត។ ប៉ុន្តែ ទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។​

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «សហរដ្ឋអាមេរិកខ្លួនឯងទេដែលជាប្រទេសស្ដេច​ចារកម្ម»។ ក្រសួងសន្តិសុខរដ្ឋបានបង្ហោះសារនៅក្នុង WeChat របស់ខ្លួនថា «ដើម្បីការពារខ្លួនពីចារកម្ម ប្រទេសចិនត្រូវការការចូលរួមពីប្រជាជនរបស់ខ្លួនក្នុងការកសាងប្រព័ន្ធការពារប្រទេស»៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia China wants to mobilise entire nation in counter-espionage

ads banner