អតីត​មេដឹកនាំ​អាមេរិក​ លោក​ ត្រាំ រង​ការ​​ចោទ​ប្រកាន់​ពី​បទ​​រៀប​ចំ​ផែន​ការ​ផ្ដួល​រំលំ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២០​

អាមេរិក៖ អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​រង​ការ​​ចោទ​ប្រកាន់​​​​ពី​​បទ​រៀប​ចំ​ផែនការ​ផ្តួល​រំលំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ និង​បទ​ចោទ​ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​​​ ដែល​រាយការណ៍​ពីឯកសារ​ច្បាប់​​ស្ដី​ពី​ការ​ចោទ​ប្រកាន់​លោក​ ត្រាំ​ ​របស់​​ក្រុម​ប្រឹក្សា​ស៊ើប​អង្កេត​ពិសេស​។

បើ​​តាម​បណ្ដាញ​ព័ត៌មាន​ BBC ឯកសារ​កម្រាស់​ ៤៥ ទំព័រ​បាន​បង្ហាញ​ថា​ ​លោក ត្រាំ​ ​រង​ការ​​ចោទ​​ប្រកាន់​​លើ​បទ​ចោទ​ចំនួន​បួន ដែល​រួម​មាន​​​ទាំង​ការ​​សម​​គំនិត​ដើម្បី​បន្លំ​សាធារណៈ​​​​​អាមេរិក ​ការ​​បំភ្លៃ​​សាក្សី​ និង​​ការ​​សម​គំនិត​​ប្រឆាំង​​នឹង​​សិទ្ធិ​​ពលរដ្ឋ​។​ បទ​ចោទ​ទាំង​នេះ​ ​គ្រប​ដណ្តប់​លើ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​វាយ​ប្រហារ​វិមាន​កាពីតូល​​ថ្ងៃ​​ទី​០៦ ខែ​មករា​ ឆ្នាំ​ ២០២១​។ ​

ការ​ស៊ើប​​អង្កេត​ក្នុង​សំណុំ​រឿង​ទាក់​ទង​នឹង​ការ​​បោះ​ឆ្នោត​ឆ្នាំ​២០២០​ បាន​ផ្តោត​លើ​សកម្មភាព​របស់​លោក​ ត្រាំ​ ក្នុង​រយៈ​ពេល​​២​ខែ​ ចន្លោះ​ពី​ពេល​ដែល​លោក​ចាញ់​ឆ្នោត​រហូត​ដល់​ហេតុការណ៍​វាយ​ប្រហារ​លើ​វិមាន​កាពីតូល​នៅ​ក្រុង​វ៉ាស៊ីនតោន ​ឌីស៊ី​។

​មន្រ្តី​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​នេះ​ គឺ​លោក​ ហ្សាក់ ស្មីត(Jack Smith) ​ដែល​ជា​​ទី​​ប្រឹក្សា​​​ពិសេស​​​តែង​តាំង​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា ​​៖ «​ការ​វាយ​ប្រហារ​លើ​រដ្ឋ​ធានី​​នៃ​ប្រទេស​របស់​យើង​កាល​ពី​ថ្ងៃ​ទី​ ០៦​ ខែ​មករា​ ឆ្នាំ​ ២០២១​​ គឺ​ជា​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ លើ​​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក​»​។

លោក​ ស្មីត ​បាន​​បញ្ចប់​​សេចក្តី​ថ្លែងការណ៍​​ខ្លី​​របស់​​លោក​ ដោយ​​សន្យា​ថា​​នឹង​​ស្វែង​រក​ «​ការ​កាត់​ទោស​​ដ៏​​ឆាប់​រហ័ស​​មួយ​»​ ខណៈ​​​សង្កត់​ធ្ងន់​​ថា​ ​​លោក​ ត្រាំ​ «​ត្រូវ​តែ​សម្មត់​ថា​គ្មាន​ទោស​​រហូត​ដល់​មនា​ការ​​​បញ្ជាក់​ថា​មាន​ទោស​»។  ​

​លោក​ ត្រាំ​ ​កំណត់​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី​។​

គួរ​គូស​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​​នេះ​ ធ្វើ​ឡើង​ខណៈ​​​លោក​ ត្រាំ​ ដែល​ពេល​នេះ​មាន​អាយុ​ ៧៧ ឆ្នាំ​ ត្រៀម​ខ្លួន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ជា​ថ្មី​។ លោកតែង​ហៅ​សំណុំ​រឿង​ប្រឆាំង​នឹង​រូប​លោក​ ថា​គឺ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​។

អតីត​ប្រធានាធិបតី​រូប​នេះ​ បាន​រង​ការ​​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​២​ផ្សេង​ទៀត​​រួច​មក​ហើយ​ ដែល​រួម​មាន​ទាំង​ការ​កាន់​កាប់​ឯកសារ​សម្ងាត់​មិន​ត្រឹម​ត្រូវ​ និង​ការ​​​ក្លែង​បន្លំ​កំណ​ត់​ត្រា​ជំនួញ ​​ដើម្បី​បិទ​បាំង​ការ​យក​លុយ​ទៅ​សូក​​តារា​ថត​​រឿង​អាស​អាភាស​ម្នាក់​កុំ​ឱ្យ​ទម្លាយ​រឿង​អាស្រូវ​របស់​ខ្លួន​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Trump charged with bid to overturn 2020 election

ads banner