រដ្ឋលេខាធិការ យ៉ង សាំងកុមារ៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងពិភពលោក
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យ៉ង សាំងកុមារ បានលើកឡើងថា កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក។ ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងនៅពេលប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោកហាមនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។

ឯកឧត្តមបានប្រាប់ដូច្នេះថា ៖ «ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុប ១២ លានតោនក្នុងមួយឆ្នាំ គឺលើសប្រាំមួយលានតោនសម្រាប់នាំចេញ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក»។

ឯកឧត្តម យ៉ង សាំងកុមារ បានបន្តថា កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត។ ជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ, ការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម, គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ, ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត»។

ចំណែក លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែសីហាដែរថា មិនទាន់មានសញ្ញាណាមួយ ដែលបញ្ជាក់ថាពិភពលោកកំពុងតែជួបប្រទះវិបត្តិស្បៀងនៅឡើយទេ។
លោកបញ្ជាក់ដូច្នេះថា ៖ «យើងមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីការកាត់បន្ថយផលិតកម្មអង្កររបស់ប្រទេសដែលជាអ្នកនាំចេញអង្ករដ៏ធំដូចជាឥណ្ឌា ចិននៅឡើយទេ។ ដូច្នេះយើងក៏មិនទាន់អាចនិយាយបានថាពិភពលោកកំពុងតែជួបវិបត្តិស្បៀងដែរ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធស្រូវអង្ករកម្ពុជានឹងជំរុញការនាំចេញអង្ករឱ្យសម្រេចទៅតាមផែនការកំណត់»។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងដែរថា ជាកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្បៀង ដែលកន្លងទៅទោះជួបវិបត្តិកូវីដ១៩ក្តី តែកម្ពុជាមិនមានបញ្ហាកង្វះខាតស្បៀងនោះទេ ថែមទាំងអាចនាំចេញបានធម្មតាទៀតផង។
ឯកឧត្តមថា ៖ «យើងជាប្រទេសផលិតស្បៀង ផលិតបានច្រើនរហូតដល់លើសតម្រូវការក្នុងស្រុក ហើយយើងអាចនាំចេញបានទៀត។ ដូច្នេះ វិបត្តិសកលបានផ្តល់ឱកាសឱ្យយើងកសាងសមត្ថភាពផលិតឱ្យបានច្រើនដើម្បីបំពេញសេចក្តីត្រូវការទាំងក្នុងតំបន់និងពិភពលោក។ យើងបាននិងកំពុងរកទីផ្សារថ្មីៗបន្ថែមទៀត សម្រាប់អង្កររបស់យើង ដើម្បីសម្រេចឲ្យបានគោលដៅនាំចេញអង្ករឲ្យបាន១លានតោន នៅពេលឆាប់ៗខាងមុខនេះ»។
យោងតាមគេហទំព័រ World to export បានបង្ហាញថា ការនាំចេញអង្ករទូទាំងពិភពលោកតាមប្រទេសមានតម្លៃសរុប ២៩,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើងជាមធ្យម ៨,៧ ភាគរយ សម្រាប់ប្រទេសនាំចេញទាំងអស់ បើធៀបនឹងឆ្នាំ ២០២១ ដែលការនាំចេញអង្ករសរុបមានតម្លៃ ២៦,៩ពាន់លានដុល្លារ។
ប្រ ទេសនាំចេញអង្ករទាំង ៥ រួមមាន៖ ឥណ្ឌា ថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិកដោយមានចំណែក ៧២,៨ភាគរយ នៃតម្លៃសកលសម្រាប់ការនាំចេញអង្ករក្នុងអំឡុងឆ្នាំ ២០២២។ ដោយឡែក កម្ពុជា នៅឈរលំដាប់ទី១២ មានតម្លៃទឹកប្រាក់ ៤១៦ លានដុល្លារស្មើ១,៤ភាគរយ នៃចំណែកទីផ្សារសរុប ដែលមានប្រទេសចំនួន១៥ប្រទេស ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក៕ ដោយ៖ វណ្ណ សុជាតា