ប៉ូឡូញប្រញាប់ប្រញាល់ពង្រឹងទ័ពទៅព្រំដែន ក្រោយចោទប្រកាន់បេឡារូសថារំលោភលើដែនអាកាសរបស់ខ្លួន

វ៉ាសូវី៖ ប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃអង្គារ ថ្ងៃទី១ ខែសីហា ថា ខ្លួនបានប្រញាប់ប្រញាល់ពង្រឹងកងទ័ពទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់បេឡារូស ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់បំផុតរបស់រុស្ស៊ី ថាបានហោះឧទ្ធម្ភាគចក្រយោធារំលោភលើដែនអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិប៉ូឡូញ បាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំង និងធនធានបន្ថែម រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ ទៅជិតព្រំដែន ហើយបានជូនដំណឹងដល់អង្គការណាតូ អំពីការរំលោភបំពានរបស់បេឡារូស និងថែមទាំងបានកោះហៅអ្នកការទូតរបស់បេឡារូស ដើម្បីឱ្យធ្វើការបកស្រាយចំពោះបញ្ហានេះទៀតផង។

ដំបូងឡើយ យោធាប៉ូឡូញបានអះអាងថា បេឡារូសមិនបានរំលោភលើព្រំដែនណាមួយនោះទេ ប៉ុន្តែក្រោយមកបាននិយាយបន្ទាប់ពីមានការពិភាក្សា និងការត្រួតពិនិត្យជាមួយគ្នាថា ការឈ្លានពានដោយឧទ្ធម្ភាគចក្រ Mi-8 និង Mi-24 របស់បេឡារូស ពិតជាបានកើតឡើងមែន នៅរយៈកម្ពស់ទាបបំផុត ដែលពិបាកធ្វើឱ្យរ៉ាដាស្ទាក់ចាប់យកព័ត៌មានបាន។

ចំណែក យោធាបេឡារូសបានបដិសេធរាល់ការរំលោភបែបនេះ ហើយបានចោទប្រកាន់បូឡូញ ដែលជាសមាជិកណាតូទៅវិញ ថាបានបង្កើតការចោទប្រកាន់ខ្លួនដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើនកងទ័ពតាមព្រំដែន។ មេដឹកនាំបេឡារូស លោក Alexander Lukashenko បានចំអកប៉ូឡូញរួមមកហើយ អំពីវត្តមានរបស់ទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែ នៅជិតព្រំដែនរវាងប្រទេសទាំង២។

ក្រសួងការពារជាតិបេឡារូស បានសរសេរនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម ដោយនិយាយថា ក្រុងវ៉ាសូវី បានផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពី «ការរំលោភបំពាន» របស់បេឡារូស ដែល «ជាក់ស្តែងបន្ទាប់ពីបានពិគ្រោះជាមួយចៅហ្វាយនាយបរទេស»។

មុនពេលក្រសួងការពារជាតិប៉ូឡូញចេញសេចក្ដីថ្លែងការណ៍ ប្រជាជនប៉ូឡូញរស់នៅតំបន់ក្បែរទីក្រុង Bialowieza ភាគខាងកើតនៃប្រទេស និងជិតព្រំដែនប្រទេសបេឡារូស បាននាំគ្នានិយាយលើបណ្ដាញសង្គមថា ការរំលោភបំពានដែនអាកាសរបស់បេឡារូសបានកើតមាន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប៉ូឡូញ និងបេឡារូស បានកើនឡើងខ្លាំងថ្មីៗនេះ បន្ទាប់ពីបេឡារូស បញ្ជូនកងកម្លាំងទាហានស៊ីឈ្នួលវ៉ាក់ណែរបស់រុស្ស៊ី ឱ្យធ្វើប្រតិបត្តិការក្បែរព្រំដែនជិតប៉ូឡូញ ដែលជាអ្នកគាំទ្រអ៊ុយក្រែនដ៏ក្លៀវក្លាបំផុតមួយ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner