ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួនប្រាំបួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានកើតឡើងមានឡើងក្នុងខេត្តចំនួនប្រាំបួនរបស់ប្រទេសកម្ពុជា ដែលបានបង្កឱ្យមានការប៉ះពាល់ទៅលើប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ស្រូវ និងដំណាំរួមផ្សំផ្សេងៗមួយចំនួន ។ប៉ុន្តែមិនធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរនោះឡើយ។

ខេត្តទាំងប្រាំបួន ដែលរងផលប៉ះពាល់នេះ រួមមាន៖ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី កោះកុង ព្រះវិហារ កែប កំពត ព្រះសីហនុ សៀមរាប និងខេត្តរតនគិរី។ទឹកជំនន់នេះ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី នៅថ្ងៃទី២ ខែសីហា បានប្រាប់ឱ្យដឹងថា ៖ «សរុបផលប៉ះពាល់នៅក្នុងខេត្តទាំងប្រាំបួននេះ មានប៉ះពាល់ជិត ២០ ក្រុងស្រុក ក្នុងនោះមានប្រជាពលរដ្ឋប៉ះពាល់ជាងប្រាំពីរពាន់គ្រួសារ ស្មើនឹង ផ្ទះជិត ៧ ពាន់ខ្នងផ្ទះ និងដំណាំស្រូវមានជាងមួយម៉ឺនហិកតា។ ក្នុងនោះ យើងក៏ធ្វើការជម្លៀសប្រជាពលរដ្ឋមួយចំនួនផងដែរ»។

ទោះជាយ៉ាងណា លោក សុទ្ធ គឹមកុលមុន្នី ថា ជំនន់ទឹកភ្លៀងនេះ មិនមានសភាពធ្ងន់ធ្ងរនោះទេ ដោយសារតែភ្លៀងក្នុងរយៈពេល តែ២ ឬ៣ថ្ងៃ ហើយក៏ស្រកទៅវិញអស់ ប៉ុន្តែកន្លែងកន្លះទៀត នៅមានទឹកដក់លិចដោយសារតែផ្លូវទឹករាំងស្ទះក្នុងរយៈពេលយូរ។ ជាមួយគ្នានេះក៏មានការបាក់ដាច់ផ្លូវមួយកន្លែងនៅក្នុងស្រុអូររាំង ខេត្តមណ្ឌលគិរី ដែលបានបង្កឱ្យកាត់ផ្តាច់ធ្វើចរាចរណ៍ទៅមកផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែសីហា ក៏បានប្រាប់ឱ្យដឹងដែរថា ស្ថានភាពអាកាសធាតុនៅក្នុងខេត្តល្អប្រសើរវិញហើយ និងបានសម្រេចបើកកំណាត់ផ្លូវជាតិលេខ៤ ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាធម្មតាវិញហើយតាំងពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។

លោកបន្តថា មកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ២៧០ គ្រួសាររងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងនេះ ដែលស្ថិតនៅស្រុកចំនួន២គឺ ស្រុកកំពង់សិលា និងព្រៃនប់។ ក្នុងគ្រានោះ មិនមានការជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពទេ ដោយសារនេះជាជំនន់ទឹកភ្លៀងដែលចូលធ្លាក់ពីភ្នំមក និងមានរយៈពេលខ្លី យ៉ាងណាមិញ អាជ្ញាធរបានប្រើប្រាស់ទូក និងមធ្យោបាយផ្សេងៗមួយចំនួនដើម្បីជួយចម្លងប្រជាពលរដ្ឋ និងមធ្យោបាយធ្វើដំណើរដែលត្រូវឆ្លងកាត់ទីតាំងដែលមានទឹកលិច។

លោក ឡុង ឌីម៉ង់ បានប្រាប់ថា ៖ «ករណីនេះជាជំនន់ទឹកភ្លៀងដែលមានរយៈពេលខ្លី ត្រឹម២ថ្ងៃតែប៉ុណ្ណោះ ដូច្នេះអាជ្ញាធរមូលដ្ឋានអាចធ្វើការសន្និដ្ឋានបឋមថា មិនមានការប៉ះពាល់រហូតដល់ខូចខាចដំណាំស្រូវរបស់ប្រជាពលរដ្ឋនោះទេ»។

កាលពីថ្ងៃទី១ ខែសីហា រដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងពីការផ្អាកជាបណ្ដោះអាសន្នពីការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្ត បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសដែរថានៅថ្ងៃទី២ ខែសីហា នៅតាមបណ្តាខេត្តមួយចំនួនក្នុងចំណោមខេត្តទាំង ៩ នោះ ក៏នៅមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមផងដែរ ដូចជា ក្នុងស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រសួងបានបន្តថា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតមធ្យម នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ និងធ្លាក់កម្រិតខ្សោយ ទៅមធ្យម នៅស្ទើរទូទាំងខេត្តរតនគិរីផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner