ខេត្តចំនួនបីបានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោ-ក្របី នាដើមរដូវវស្សាចូលមក
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របី នៅទូទាំងមូលដ្ឋានរបស់ខ្លួនក្នុងកំលុងដើមរដូវវស្សានេះ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី២ ខែសីហាថា លោកបានដឹកនាំប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វភូមិ បានចាប់បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងជំងឺអុតក្តាម និងជំងឺសារទឹកលើសត្វគោ-ក្របី ជូនដល់ប្រជាកសិករចិញ្ចឹមសត្វនៅក្នុងស្រុកស្ទោង។ លោកបន្តថា ជាលទ្ធផលក្រុមការងាររបស់លោកសម្រេចចាក់វ៉ាក់សាំងជំងឺសារទឹកដល់សត្វគោ-ក្របីចំនួនសរុប ៣៥០ក្បាល ក្នុងនោះមានក្របីចំនួន ២០ក្បាល។

ក្រៅពីការចុះចាក់វ៉ាក់សាំងដល់សត្វគោ-ក្របី លោកក៏បានប្រគល់ជូននូវវ៉ាក់សាំងសារទឹកចំនួន ៤ ០០០កម្រិត និងវ៉ាក់សាំងអ៊ុតក្តាមចំនួន ២ ០០០ កម្រិត ហើយនិងថ្នាំព្យាបាលសត្វមួយចំនួនដល់មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វ និងផលិតកម្មសត្វប្រចាំស្រុកស្ទោង សម្រាប់ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹមរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាននោះ។
លោក ប៉ែន វណ្ណរិទ្ធ បានថ្លែងថា ៖ «ទន្ទឹមនឹងនេះ យើងក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹក និងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត»។
ចំណែក លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ក៏បានឱ្យដឹងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងសារទឹក និងជំងឺអុតក្ដាមលើសត្វគោ-ក្របីនេះ គឺអាជ្ញាធរធ្វើឡើងទូទាំងខេត្ត ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា។

គិតមកដល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានធ្វើឡើងចំនួន៣ស្រុកហើយ រួមមាន៖ ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកស្ទោង ដែលមានចំនួនសត្វគោ-ក្របីសរុបប្រមាណជាង ១០០០ក្បាល។
បន្ទាប់ពីស្រុកទាំងនេះហើយ លោកថា ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១០ ខែសីហា អាជ្ញាធរនឹងធ្វើយុទ្ធនាការចុះទៅចាក់វ៉ាក់សាំងគោ-ក្របីរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្ដាន់ ស្រុកសន្ទុក និងស្រុកតាំងគោក។
លោក ចាន់ បញ្ញាវ័ន្ត បន្តថា មូលហេតុដែលអាជ្ញាធររៀបចំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺដោយសារជារៀងរាល់ដើមរដូវវស្សា ហានិភ័យនៃជំងឺសារទឹក និងជំងឺអុតក្ដាម អាចកើតឡើងលើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋ។ ដូច្នេះការិយាល័យបសុព្យាបាល ត្រូវតែរៀបចំយុទ្ធសាស្ត្រដើម្បីចុះចាក់វ៉ាក់សាំងក្នុងការការពារជំងឺទាំងនោះសម្រាប់សត្វគោ-ក្របី។
លោកមានប្រសាសន៍ ៖ «នាដើមរដូវវស្សានេះចូលមក គឺហានិភ័យជំងឺផ្សេងៗវានឹងកើតឡើងទៅសត្វពាហនៈដូចជាជំងឺសារទឹក និងជំងឺអុតក្ដាម អ៊ីចឹងយើងត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រដើម្បីចុះចាក់វ៉ាក់សាំងហ្នឹងសម្រាប់ការពារសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ»។
ការចាក់វ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្ដាម គឺធ្វើឡើងចន្លោះមួយខែ ដែលមានន័យប្រសិនជាសត្វគោ-ក្របីបានចាក់វ៉ាក់សាំងសារទឹកហើយ ដូច្នេះមួយខែក្រោយទើបអាចចាក់រ៉ាក់សាំងអុតក្ដាមបាន ពីព្រោះអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងមួយមុខ គឺអាចការពារជំងឺបានតែមួយមុខទេ។ ហេតុនេះហើយនាដើមរដូវវស្សានេះ កត្តាចម្បងគឺអាជ្ញាធរត្រូវការចាក់វ៉ាក់សាំងសារទឹកសត្វគោ-ក្របី បន្ទាប់មកបានអាជ្ញាធរចាក់វ៉ាក់សាំងអុតក្ដាម។ នេះបើតាមការលើកឡើងបន្ថែមពីលោក ចាន់ បញ្ញាវ័ន្ត។
លោកបន្តថា ៖ «សម្រាប់ទូទាំងខេត្តកំពង់ធំ មិនមានការផ្ទុះឡើងខ្លាំងនៃជំងឺសារទឹក ឬជំងឺអុតក្ដាមលើសត្វគោ-ក្របីប្រជាពលរដ្ឋជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ខណៈដែលស្រុកខ្លះរកឃើញតែ២ ឬ៣ករណី ប៉ុន្តែអាជ្ញាធរ បានចុះអន្តរាគមន៍ និងអាចគ្រប់គ្រង ទប់ស្កាត់លើជំងឺនេះបាន»។
យោងតាមរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងដែរថា កាលពីចុងខែកក្កដាកន្លងមក លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ។
តាមរយៈរដ្ឋបាលខេត្តតាកែវ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្ត លើកឡើងថា ការចុះចាក់វ៉ាក់សាំងជំងឺសារទឹក ជំងឺអុតក្ដាម និងជំងឺដុំពក ដល់គោ-ក្របី មន្រ្តីបសុពេទ្យខេត្ត បានចុះចាក់វ៉ាក់សាំងបានជំងឺដុំពក សរុបចំនួន ៩៥៦២ក្បាល, ជំងឺអុតក្ដាម សរុបចំនួន សត្វគោ ១៣ ១០១ក្បាល, សត្វក្របី ៧១ក្បាល និងជំងឺសារទឹក សត្វគោ បានចំនួន ៤៧៩២ក្បាល និងសត្វក្របី ចំនួ ន ៥១៥ក្បាល។
លោក ថែ លី បានបន្ថែមថា កន្លងមកមន្រ្តីការិយាល័យបសុព្យាបាលខេត្ត បានចុះបាញ់ថ្នាំសំលាប់មេរោគការពារជំងឺផ្សេងៗ លើសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ នៅតាមផ្ទះ និងនៅតាមកសិដ្ឋានមួយចំនួននៅទូទាំងខេត្តផងដែរ។
ដោយឡែក យុទ្ធនាការចុះចាក់វ៉ាក់សាំងសត្វគោ-ក្របីនៅក្នុងខេត្តព្រះសីហនុវិញ កាលពីថ្ងៃទី៣១ ខែកក្កដា លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ ក៏បានដឹកនាំមន្ត្រីចុះចាក់វ៉ាក់សាំងដូចគ្នានេះដែរ ក្នុងស្រុកព្រៃនប់ ហើយបន្ទាប់ពីនេះ អាជ្ញាធរនឹងបន្តទៅចុះចាក់វ៉ាក់សាំងក្នុងស្រុកនានាទៀតទូទាំងខេត្តព្រះសីហនុផងដែរ៕ ដោយ៖ ជា សុខនី