រដ្ឋមន្រ្តីសេដ្ឋកិច្ច បង្ហាញពីវិស័យសក្តានុពលកម្ពុជា ដល់ធុរកិច្ចសិង្ហបុរី
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញការស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ចំពោះការចុះមកសិក្សាស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគនៅកម្ពុជា ខណៈនោះឯកឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏លើកបង្ហាញពីវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានថែមទៀត។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២ ខែសីហា ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររបស់លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)។
សេចក្តីជូនដំណឹងបន្តថា ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដឹកនាំដោយលោក Gary Lim ប្រធានប្រចាំប្រទេសអមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគ ពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

តាមរយៈក្រសួងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ និងថ្លែងអំណរគុណវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីមកកាន់កម្ពុជា ភ្លាមបន្ទាប់ពីការបោះឆ្នោត ខណៈលោកយល់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់កម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្ដេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ។
ឯកឧត្តមបានលើកឡើងថា ៖ «ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរីពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនជំងឺកូវីដ១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួម ក្នុងការផ្តាសេដ្ឋកិច្ចឡើងវិញ»។
ឯកឧត្តមបានបញ្ជាក់ដែរថា សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥, ៦% នៅឆ្នាំ ២០២៣ និងកំណើន ៦, ៦% នៅឆ្នាំ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិនឹងមានស្ថិរភាព។ ដោយឡែកវិស័យសក្តានុពលរបស់កម្ពុជា រួមមាន៖ វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែនកាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានផងដែរ។

ជុំវិញរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែសីហា ថា ប្រសិនណាបើវិនិយោគិនសិង្ហបុរី មកសិក្សាស្វែងយល់ពីសក្ដានុពលនៅកម្ពុជា ហើយចង់ធ្វើការវិនិយោគនៅកម្ពុជាពិតមែន នោះជាសញ្ញាល្អ និងបង្ហាញពីការរួមចំណែកធានាដល់និរន្តភាពសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
លោកបន្តថា ៖ «ជាភារកិច្ចដែលរាជរដ្ឋាភិបាលគួរធ្វើបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ គឺរដ្ឋាភិបាលចាំបាច់ត្រូវមានកិច្ចសន្ទនាច្បាស់លាស់ តាមរយៈការជំរុញកិច្ចសហការជាមួយវិនិយោគិនក្នុងស្រុកដែលមានលទ្ធភាពធំៗ បង្ហាញពីសុដ្ឋិនិយមពីកម្ពុជា បង្ហាញសក្តានុពលវិស័យអាទិភាពដល់វិនិយោគិនបរទេសទាំងនោះ ថាយើងពិតជាមានផែនច្បាស់លាស់ ដើម្បីធានាសុខមាលភាពរបស់កម្ពុជារយៈពេលវែង»។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបដដែលនេះដែរ ក្រៅពីបង្ហាញពីវិស័យសក្តានុពលកម្ពុជា ដែលរំពឹងថានឹងមានកំណើនវិជ្ជមានប្រាប់ធុរកិច្ចសិង្ហបុរីហើយនោះ ក្រសួងសេដ្ឋកិច្ច ក៏បានបង្ហាញពីគោលនយោបាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាលជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និងសមត្ថភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់៕ ដោយ៖ បូរ ពេជ្យហ្សាលីន