ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុនសែន ក្នុងឱកាស ចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖

ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និង សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូរសប្បាយជារៀងរហូត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេង ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនឥតឈប់ឈរលើគ្រប់វិស័យ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងពិភពលោក។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner