ប៉ាគីស្ថានចង់បង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ី
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថានសង្ឃឹមថា នឹងនាំចូលប្រេងឆៅបន្ថែមទៀតពីរុស្ស៊ី ហើយអាចនឹងប្រើប្រាស់រោងចក្រចម្រាញ់ប្រេង ដែលខ្លួនគ្រោងនឹងសាងសង់ជាមួយនឹងហិរញ្ញប្បទានរបស់អារ៉ាប៊ីសាអូឌីត ដើម្បីដំណើរការរោងចក្រនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនប្រេងប៉ាគីស្ថានឈានមុខគេចំនួន ៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអូឌីត អារ៉ាមខូ កាលពីសប្តាហ៍មុន ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាតរួមបញ្ចូលគ្នា ដែលមានតម្លៃ ១០ពាន់លានដុល្លារ ជាមួយសមត្ថភាពកែច្នៃប្រេងឆៅយ៉ាងតិច ៣០០,០០០បារ៉ែលក្នុងមួយថ្ងៃ រួមជាមួយនឹងកន្លែងផលិតគីមីឥន្ធនៈ។
ការចុះអនុស្សរណៈនេះ បានកើតមានឡើងស្របពេលដែលប៉ាគីស្ថានទើបតែចាប់ផ្តើមនាំចូលប្រេងឆៅពីរុស្ស៊ី។ ការចែកចាយលើកដំបូងធ្វើឡើងកាលពីខែមិថុនា ស្ថិតក្រោមកិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះបានចូលរួមជាមួយប្រទេសជិតខាងឥណ្ឌា ក្នុងការចាប់យកទីផ្សារប្រេងឆៅរបស់រុស្ស៊ីដែលលក់បញ្ចុះតម្លៃ ព្រោះជាប់បម្រាមនៅលើទីផ្សារលោកខាងលិច ដោយសារតែទណ្ឌកម្ម។ កន្លងមក អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ប៉ាគីស្ថាន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


