ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការប្រពន្ធ័អនឡាញស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យដំណើរការប្រពន្ធ័អនឡាញស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ និងលើកស្ទួយឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ទីផ្សារចិន។
ក្រសួងទេសចរណ៍បានរៀបចំ និងដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនតាមប្រព័ន្ធអនឡាញ ស្របទៅតាមសៀវភៅស China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា និងស្តង់ដារវាយតម្លៃ និងបញ្ជាក់គុណភាពនិងទទួលស្គាល់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន។
ក្រសួងបានបញ្ជាក់ថា៖« ប្រព័ន្ធនេះនឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំការចុះវាយតម្លៃ និងបញ្ជាក់គុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែឆាប់រហ័សចំណេញពេលវេលា»។ ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍នេះ ប្រតិបត្តិករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា ទី១. ទទួលបានឡាបែលបញ្ជាក់ គុណភាព (China Ready Accredited) ទី២.បង្ហាញថាសេវាកម្មរបស់ខ្លួនមានគុណភាពស្របតាមសៀវភៅស China Ready និងមានការទទួលស្គាល់ដោយក្រសួងទេសចរណ៍ ទី៣.ប្រតិបត្តិករទេសចរណ៍ចិន-ភ្ញៀវទេសចរចិនមានទំនុកចិត្តដល់អាជីវកម្មរបស់ខ្លួន និងទី៤.ចូលក្នុងបណ្តាញក្រុមហ៊ុនទេសចរណ៍ទទួលបាន CRA និងផ្សព្វផ្សាយដល់ទីផ្សារចិន ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ឃើញថា ដំណើរការប្រពន្ធ័អនឡាញស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៏ត្រៀមទទួលទេសចរចិន CHINA Ready មានផ្តល់ចំណេញច្រើនសម្រាប់ប្រតិបត្តិករអាជីវកម្មទេសចរណ៍ទាំងអស់នៅកម្ពុជា ដើម្បីអាចត្រៀមខ្លួនបានទាន់ពេលវេលាក្នុងការស្វាគមន៍ទេសចរចិន ជាពិសេសបន្ទាប់ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនាពេលខាងមុខ។
លោកបានបញ្ជាក់ដូច្នេះថា៖« ខ្ញុំយល់ថា ប្រតិបត្តិករអាជីវកម្មទេសចរណ៍យើងគួរតែរួសរាន់ទៅក្នុងការដាក់ពាក្យស្នើសុំបញ្ជាក់ គុណភាព សេវាកម្មឱ្យបានឆាប់រហ័សទៅ ព្រោះថា នាពេលខាងមុខនេះ ខ្ញុំជឿជាក់បន្ទាប់ពីយើងបើកដំណើរការអាកាសយានដ្ឋានថ្មីរបស់យើងនៅសៀមរាប ភ្ញៀវចិនអាចនឹងមកច្រើន»។
សូមជម្រាបថា សេវាកម្មទេសចរណ៍ដែលអាចដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិនមានដូចជា សេវាកម្មសណ្ឋាគារ និងស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, ផ្សារទំនើបនឹងហាងលក់វត្ថុអនុស្សាវរីយ៍, សេវាកម្មកម្សាន្ត និងការីទេសចរណ៍-ភ្នាក់ងារទេសចរណ៍។ ក្រសួងទេសចរណ៍សង្ឈឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ចូលរួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវចិន និងដាក់ពាក្យស្នើសុំបញ្ជាក់ គុណភាព សេវាកម្ម តាមរយៈវែបសាយ http://cambodia-chinaready.com ឬស្កែន QR code៕ ដោយ៖ វណ្ណ សុជាតា
