ឥណ្ឌូនេស៊ី ផ្សព្វផ្សាយពាណិជ្ជកម្មនិងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ នៅកម្ពុជារយៈពេលបីថ្ងៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសកម្ពុជាបានស្វាគមន៍ប្រទេសឥណ្ឌូនេស៊ីក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហាដើម្បីឱ្យឥណ្ឌូនេស៊ីផ្សព្វផ្សាយអំពីអាជីវកម្មរបស់ខ្លួនមកកាន់ធុរកិច្ចជនកម្ពុជាក្នុងន័យស្វែងយល់អំពីគ្នាទៅវិញទៅមក និងអាចឈានដល់ការសហការបង្កើតអាជីវកម្មរួមគ្នានាពេលអនាគតផងដែរ។

នេះបើតាមការឱ្យដឹងពីលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (ITTP 2023) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៤ ខែសីហា និងមានការតំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងទេសចរណ៍ តំណាងស្ថានទូតនានានៅព្រះរាជាណាចក្រកម្ពុជា និងសមាគមពាណិជ្ជកម្មនានា រួមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោក ងួន ម៉េងតិច បានប្រាប់ឱ្យដឹងថាបន្ថែមថា ក្នុងនាមវិស័យឯកជន សភាពាណិជ្ជកម្ម ស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើគ្រប់វិស័យ សភាពាណិជ្ជកម្ម នឹងជួយសម្របសម្រួល ជួយរកដៃគូក្នុងស្រុក ក៏ដូចជាការណែនាំពីលក្ខខណ្ឌវិនិយោគល្អជាច្រើន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនវិនិយោគិនបរទេស។

លោកបានបញ្ជាក់ថា៖«យើងចង់ផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅ ដល់អ្នកវិនិយោគទាំងអស់ដែលមករកស៊ីនៅស្រុកយើង តាមរយៈការស្វាគមន៍ដល់ពួកគេ និងណែនាំដល់ពួកគេពីច្បាប់និងលក្ខខណ្ឌវិនិយោគល្អនៅស្រុកយើង។តាមរយៈកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (ITTP 2023)នេះ ខ្ញុំជឿថា មិនមែនតែឥណ្ឌូនេស៊ីទេ ដែលអាចទាញប្រយោជន៍កិច្ចសហការនេះ កម្ពុជាយើងក៏អាចទាញប្រយោជន៍អំពីកិច្ចសហការនេះបានដូចគ្នាដែរ»៕ ដោយ៖ វណ្ណ សុជាតា

ads banner