ឯកឧត្តម អ៊ាង សុផល្លែត ៖ «ជោគជ័យដ៏ត្រចះត្រចង់ លទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៃឃុំទាំង៧ ទូទាំងស្រុកអូរាំងឪ ជាសំឡេងគាំទ្រជាទីមោទនៈ ដែលក្នុងប្រវត្តិសាស្ត្រស្រុកអូររាំងឪមិនដែលទទួលបានទាល់តែសោះ»
(ត្បូងឃ្មុំ)៖ «ជោគជ័យដ៏ត្រចះត្រចង់ លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៃឃុំទាំង៧ ទូទាំងស្រុកអូរាំងឪ ជាសំឡេងគាំទ្រជាទីមោទនៈ ដែលក្នុងប្រវត្តិសាស្ត្រស្រុកអូររាំងឪមិនដែលទទួលបានទាល់តែសោះ»នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី ឯកឧត្តម ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណបក្ស។
ឯកឧត្តមបានបន្តថា ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយប្រកបដោយក្ដីដឹងគុណជាទីបំផុត ដល់ ក្រុមការងារ និងបងប្អូនទាំងអស់ ចំពោះកិច្ចប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចការនឿយហត់ ចូលរួមយ៉ាងសកម្មដោយយកចិត្តទុកដាក់ និងពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់ បានលះបង់ទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតី បម្រើប្រជាជននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ យ៉ាងយកចិត្តទុកដាក់ និងទទួលបាននូវការគាំទ្រពីប្រជាជន ដើម្បីបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជូនសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។
ឯកឧត្តមបន្តទៀតថា លទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ ក្រុមការងារ និង បងប្អូនទាំងអស់គ្នា ស្តែងចេញនូវលទ្ធផលគួរជាទីមោទនៈ នេះសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពិតជាមានជំនឿទុកចិត្តឥតងាករេជូនគណបក្សប្រជាជនកម្ពុជា ហើយបងប្អូនបានសម្រេចចិត្តជ្រើសរើសសន្តិភាព និងការអភិវឌ្ឍ ហើយកិច្ចនេះនឹងបន្តចាក់ឫសប្រជាធិបតេយ្យជាសំខាន់បំផុតសម្រាប់ស្រុកអូររាំងឪ ក៏ដូចជាប្រទេសជាតិយើងទាំងមូល។ កន្លងមកតាមរយៈការដាក់ចេញនូវអាទិភាពការងារទាំង ៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងសុវត្ថិភាពសង្គម សម្រាប់ការអភិវឌ្ឍរយៈពេលវែង និងចីរភាព ដូចនេះក្នុងនាមយើងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឳ នៅតែបន្តកសាង និងអភិវឌ្ឍ គោលការណ៍អាទិភាពទាំង៥ ជូនប្រជាពលរដ្ឋស្រុកអូររាំងឪយើងជាបន្តទៀត។
ជាបន្តដើម្បីរក្សាបាននូវប្រៀបឈ្នះចំពោះការបោះឆ្នោតនាពេលខាងមុខទៀត ឯកឧត្តមប្រធានបានដាក់ចេញនូវទិសដៅ ដូចជា ៖
១-ជំរុញការផ្សព្វផ្សាយសក្តានុពលស្រុកអូររាំងឪ ដូចជា ផលិតផលកសិកម្ម គុយទាវខគោអូររាំងឪ នំអន្សមអំពិលតាពក តាសក់ចាវស្រែស្ពៃ ជីរណាគងជ័យ ដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន ។
២-ជម្រុញផ្សព្វផ្សាយ និងបញ្ជ្រាបពី «សមិទិ្ធផលទេវត្តា»ដែលយើងបានកសាងជូនកន្លងមក និង «ទឹកចិត្តទេវត្តា» អូររាំងឪ ជួយអូររាំងឪ ។
៣-ជំរុញការបណ្តុះបណ្តាលធនធានមនុស្សកំរិតអន្តរជាតិ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដោយឥតគិតថ្លៃជូនសិស្សានុសិស្សនៅទូទាំងស្រុក តាមគោលការណ៍ស្មគ្រ័ ។
៤-បន្តរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍភូមិឃុំ ដើម្បីសំលឹងទៅរកការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឆ្លើយតបជាវិជ្ជមាន ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបឋមចំនួន ៣៤៦៨២ លើចំនួនសន្លឹកឆ្នោតសរុប ៤៧ ១១៦ ស្មើនឹង ៨២.៦៧% ។ សំឡេងគាំទ្រ គឺកើនឡើងចំនួន ១៤.៧៧% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសម្លេងគាំទ្រត្រឹម ៦៧.៩០% ប៉ុណ្ណោះ៕
ដោយ ៖ ជីម ភារ៉ា














