បក្សកុម្មុយនីស្តវៀតណាម ជឿជាក់ថា កម្ពុជា នឹងបន្តទទួលបានសមិទ្ធផលថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការ នៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នឹងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ក៍បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយជឿជាក់ថា កម្ពុជា នឹងបន្តទទួលបានជ័យជម្នះ និងសមិទ្ធផលថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ឯកឧត្ដមអគ្គលេខាធិការ ក៍បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍ ប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នាពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ង្វៀន ហ៊ូចុង ដែលបានផ្ញើលិខិតអអរសាទរ និងជូនពរតាមទូរស័ព្ទ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ឯកឧត្តម ង្វៀនហ៊ូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់ របស់វៀតណាមក្នុងវេទិការតំបន់ និងអន្តរជាតិ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊ួ ចុង ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាធាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព នាយករដ្ឋមន្ត្រីថ្មីដែលទទួលបានសម្លេងឆ្នោកគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវឌ្ឍនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកដប្រជា ដូច ជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន ទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណីដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងការរំសោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្តុះបណ្ដាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេស ការបញ្ជ្រាបការយល់ដឹងអំពីសក្ខីភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងសាមភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន៖ អ .ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខ័ណ្ឌអនុតំបន់ ជាពិសេស ក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរ ក៏បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា-វៀតណាម តាមពេលវេលាសមស្របផងដែរ។
សូមជម្រាបថា ជំនួបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយទទួលបាន ១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ









