មនុស្ស ២១នាក់របួស និងដួលរលំអគារជាច្រើន ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត ៥.៤រ៉ិកទ័រវាយប្រហារភាគខាងកើតប្រទេសចិន

ប៉េកាំង៖ យោងតាមអាជ្ញាធរខេត្តសានទុង ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា យ៉ាងហោចណាស់មានមនុស្សរបួស ២១នាក់ ហើយផ្ទះសម្បែង ឬអគារចំនួន ១២៦ខ្នងបានដួលរលំ ដោយសារការវាយប្រហារពីគ្រោះរញ្ជូយដី។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៤រ៉ិកទ័របានវាយប្រហារភាគខាងកើតប្រទេសចិននៅព្រឹកថ្ងៃអាទិត្យនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២១នាក់រងរបួស និងអគាររាប់សិបខ្នងបានដួលរលំ។

ទីភ្នាក់ងារ USGS បានបន្ថែមថា គ្រោះរញ្ជួយដីនេះ បានបង្កការញាប់ញ័រនៅម៉ោង ២និង៣៣នាទីទៀបភ្លឺ (ម៉ោងក្នុងតំបន់) ដោយបានវាយប្រហារក្នុងចម្ងាយ ២៦គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងទ័រហ្ស៊ូ ក្នុងខេត្តសានទុង ក្នុងជម្រៅដី ១០គីឡូម៉ែត្រ។

ទន្ទឹមគ្នា ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានប្រកាសស្ថានភាពក្នុងគ្រាអាសន្នកម្រិតទី ៤ ហើយបានបញ្ជូនក្រុមការងារទៅកាន់ខេត្តសានទុង ដើម្បីដឹកនាំការងារជួយសង្គ្រោះ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីមិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសចិន ប៉ុន្តែវាកម្រកើតមានណាស់នៅភាគខាងកើតនៃប្រទេសចិន ដែលមានប្រជាជនច្រើន និងទីក្រុងធំៗស្ថិតនៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner