លោក គីម ជុងអ៊ុន ជំរុញឱ្យបង្កើនការផលិតសព្វាវុធ ខណៈអាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធានាចុងខែនេះ

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ បានធ្វើអធិការកិច្ចរោងចក្រផលិតសព្វាវុធធំៗជាច្រើន រួមទាំងកន្លែងផលិតម៉ាស៊ីនបាញ់គ្រាប់មីស៊ីសគ្រូស ហើយបានអំពាវនាវឱ្យបង្កើនការផលិតអាវុធបន្ថែមទៀត។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតម៉ាស៊ីនរថយន្តគ្មានមនុស្សបើកប្រដាប់អាវុធ ក៏ដូចជាខ្សែសង្វាក់ផលិតកម្មគ្រាប់រ៉ុក្កែតខ្នាតធំ និងឧបករណ៍បាញ់បង្ហោះជាដើម។

បើតាមទីភ្នាក់ងារព័ត៌មាន KCNA កំលុងពេលធ្វើអធិការកិច្ចរោងចក្រផលិតម៉ាស៊ីន លោក គីម បានអំពាវនាវឱ្យបង្កើនដំណើរការ និងភាពជឿជាក់នៃប្រព័ន្ធម៉ាស៊ីន ក៏ដូចជាពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានលឿន។ បន្ថែមលើនេះ លោក គីម បានគូសបញ្ជាក់ពីការធ្វើទំនើបកម្មអាវុធធុនតូចថា ជា “បញ្ហាសំខាន់បំផុត និងបន្ទាន់បំផុត ដើម្បីត្រៀមរៀបចំសម្រាប់សង្គ្រាម។

ការធ្វើអធិការកិច្ចរបស់លោក គីម នាពេលនេះ បានកើតមានឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាដ៏សំខាន់មួយនៅចុងខែសីហារនេះ ខណៈដែលកូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធបែបនេះថា ជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់វិធានការលើសលប់ជាការឆ្លើយតប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner