ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក្នុងបំពេញកាតព្វកិច្ចខ្លួនបានយ៉ាងល្អប្រសើរ ។ ពិសេសក្នុងតំណាក់កាលការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ គ្រូពេទ្យត្រូវបានប្រសិទ្ធនាមថា កងទ័ពអាវស ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរាតត្បាតសកល ដ៏កាចសាហាវមួយនេះ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកទឹកចិត្តឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់បន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការមើលថែទាំងនិងជួយសង្គ្រោះជីវិតមនុស្ស ឱ្យសាកសមនិងក្រមសីលធម៌វិជ្ជាជីវៈ ទទួលបានការទុកចិត្តពីអ្នកជម្ងឺ និងប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់វិស័យសុខាភិបាលនៅប្រទេសកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ


