ជប៉ុនហៅការគំរាមប្រើនុយក្លេអ៊ែររបស់រុស្ស៊ី ជារឿងមិនអាចទទួលយកបាន
តូក្យូ៖ មេដឹកនាំជប៉ុនបានចេញមុខរិះគន់ការគំរាមកំហែងរបស់រុស្ស៊ី ដែលគំរាមប្រើអាវុធនុយក្លេអ៊ែរ ខណៈដែលប្រទេសជប៉ុនប្រារព្ធខួបលើកទី ៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃអាទិត្យនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បាននិយាយនៅក្នុងពិធីមួយនៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ាថា ជប៉ុនក្នុងនាមជាប្រទេសតែមួយគត់ ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។

លោក គីស៊ីដា បន្តថា ផ្លូវឆ្ពោះទៅកាន់គោលដៅកាន់តែលំបាក ដោយសារតែការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងសហគមន៍អន្តរជាតិ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ស្ថានការណ៍ក្នុងពេលបច្ចុប្បន្ន ពិតជាសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការបង្កើនសន្ទុះអន្តរជាតិឡើងវិញ ឆ្ពោះទៅរកការសម្រេចបាននូវពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

សូមរម្លឹកថា មនុស្សប្រហែល ១៤០,០០០នាក់បានស្លាប់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ១៩៤៥ និង ៧៤,០០០នាក់ទៀតនៅទីក្រុងណាហ្គាសាគី ពោលគឺបីថ្ងៃក្រោយ នៅពេលដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងទាំងពីរនេះរបស់ប្រទេសជប៉ុន មួយថ្ងៃមុនពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


