កូរ៉េ មានគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម បានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ជាមួយសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association-AOAA)។
កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ដោយសហព័ន្ធសា្វយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីសក្តានុពលភាពនៃវិស័យស្វាយចន្ទីកម្ពុជា រួមមានផ្ទៃដីដាំដុះ ទិន្នផល ប្រភេទពូជស្វាយចន្ទី រួមទំាងលក្ខណៈសម្បត្តិផ្សេងរបស់ស្វាយចន្ទីដែលមានស្រាប់ និងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលនឹងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៧ និង៥០ភាគរយនៅឆ្នាំ២០៣២។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា បន្ទាប់ពីបានពិភាក្សាយ៉ាងលំអិត សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស នឹងចុះសិក្សាលម្អិតភូមិសាស្រ្ត ពោលគឺជ្រើសរើសទីតំាងសមស្របសាងសង់រោងចក្រដែលអាចកែច្នៃវត្ថុធាតុដើមរហូតដល់៧.៥០០តោនក្នុងមួយឆ្នាំ។
លោកបានបញ្ជាក់ថា ខាងសហព័ន្ធស្វាយចន្ទីក៏បានឱ្យយោបល់ទៅគាត់ដែរថា ដើម្បីឱ្យការកែច្នៃមួយទទួលបានផលចំណេញខ្លះ យ៉ាងហោចណាស់ក៏ត្រូវការកែច្នៃយ៉ាងតិច ៥ ០០០ ពាន់តោនក្នុងមួយឆ្នាំដែរ តែប្រសិនបើយើងបានចំណេញមែនទែនតែម្តង តាមបទពិសោធន៍របស់សហព័ន្ធ និងក្រុមការងារសហព័ន្ធឱ្យយោបល់ថា ធ្វើយ៉ាងណាកែច្នៃឱ្យបានមួយម៉ឺនតោនសម្រាប់ការកែច្នៃផលិតផលចន្ទីដែលហាលស្ងួត ដោយក្នុងមួយម៉ឺនតោននេះ ផលិតផលសម្រេចមានប្រហែលពីរពាន់តោន។
លោក អាន តារា បានបន្ថែមថា ខាងភាគីកូរ៉េ គេកំពុងតែសិក្សា ដោយទីមួយសិក្សារកទីតាំង ដើម្បីបង្កើតរោចក្រស្វាយចន្ទី ដោយសមាគមទាំងពីរបានឱ្យយោបល់ផងដែរ ដើម្បីសិក្សាលម្អិតពីលក្ខខន្តិកៈ ឬក៏ច្បាប់ផ្សេងៗរបស់កម្ពុជា ដើម្បីឱ្យការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជាប្រកបដោយភាពជោគជ័យ។
ជាមួយគ្នានោះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងដែរថា នេះជាការសិក្សាជំហានដំបូងរបស់ភាគីកូរ៉េ ដោយការសិក្សាមានពីរជម្រើស។ ទីមួយ ខាងកូរ៉េចង់វិនិយោគជាមួយសហគ្រាសដែលមានស្រាប់ និងទីពីរ គឺគាត់ចង់បង្កើតរោចក្រផ្ទាល់ខ្លួននៅកម្ពុជា។
លោក អួន ស៊ីឡុត បានយល់ឃើញថា គោលដៅទាំងពីរនេះ គឺល្អដូចគ្នា ដោយសមាគមផ្តល់ជម្រើសជូនភាគីកកូរ៉េ ក្នុងការពិចារណាជ្រើសយកជម្រើសណាមួយក៏បាន ដោយសារតែសមាគមស្វាយចន្ទី ជាស្ថាប័ន ដែលបានធ្វើការងារលើស្វាយចន្ទី ដែលធំជាងគេមួយនៅកម្ពុជា ដោយបានគ្របដណ្តប់លើការដាំដុះស្វាយចន្ទីចំនួន១០ខេត្តនៅទូទាំងប្រទេស មានសមាជិកជាកសិករ ជិត២ម៉ឺនគ្រួសារ និងសហគមន៍ដាំស្វាយចន្ទីចំនួន៣៥សហគមន៍ ថែមទាំងមានសមាជិកជាសហគ្រាសកែច្នៃចំនួន៣១សហគ្រាស ក្នុងចំណោម៣៨សហគ្រាស។
លោកបានបញ្ជាក់ថា ៖ «បើសិនជាមានការវិនិយោគមកបើករោងចក្រ យើងក៏មានទីតាំង គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់ការបើកត្រឹមមួយទៅពីររោងចក្រ ខាងសមាគមអាចជួយរៀបចំបាន។ មកទល់ពេលនេះ ខាងភាគីកូរ៉េ គាត់ចាប់អារម្មណ៍របាយការណ៍របស់សមាគមស្វាយចន្ទី។ ក្រោយមកយើងក៏បានផ្ញើរបាយការណ៍លម្អិតជូនគាត់រួចរាល់ហើយដែរ»។
លោក អួន ស៊ីឡុត បន្តថា វាហាក់មានសញ្ញាវិជ្ជមានច្រើន ចំពោះគម្រោងរបស់សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសនេះ ដោយសារតែជំនួបលើកនេះ មានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាស្រាប់ទៅហើយ ដែលធ្វើឱ្យលោករំពឹងថា ភាគីកូរ៉េ នឹងពិចារណាក្នុងការបើកដំណើការរោងចក្រនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
សូមរម្លឹកថា ថ្ងៃទី៣ ខែសីហា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) បានថ្លែងថា វាជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដែលស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។
«ខ្ញុំស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។ នេះបើតាមការបញ្ជាក់បន្ថែម ពីឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕ដោយ៖វណ្ណ សុជាតា