រយៈពេលប្រាំពីរខែ កម្ពុជានាំចេញអង្ករបានជាង៣៦ម៉ឺនតោន ទៅកាន់៥២ប្រទេស
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេលប្រាំពីរខែ ពោលពីចាប់ពីខែមករា ដល់កក្កដា ឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ក្នុងបរិមាណ ៣៦២ ៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន៥២ នៅលើពិភពលោក ។បរិមាណនេះ ស្មើនឹង៥២ភាគរយ នៃផែនការ៧០ម៉ឺនតោន។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងបរិមាណអង្ករចំនួន ៣៦២ ៧៩៨តោននេះ គិតជាតម្លៃទឹកប្រាក់សរុប ២៥៣,៨៦ លានដុល្លារ។ នៅក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានបរិមាណ ១៤១ ៩៥០ តោន គិតជាទឹកប្រាក់ ៩០,២៧ លានដុល្លារ។ ២៥ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប មានចំនួន១៤១ ៣៩៤តោន គិតជាទឹកប្រាក់ ១០០,៣១ លានដុល្លារ។ ៤ប្រទេសក្នុងតំបន់អាស៊ាន ៣០ ១៧១តោន គិតជាទឹកប្រាក់២០,៥៤លានដុល្លារ និងនាំចេញទៅ២២ប្រទេសផ្សេងទៀត ក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន៤៩១៩៣តោន គិតជាទឹកប្រាក់៤២,៧៤លានដុល្លារ។
ដោយឡែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងវិញសម្រេចបាន ២ ៤៩៨ ៥៨៦តោន ស្មើនឹងទឹកប្រាក់ ៦៦៣,៥១លានដុល្លារ ដោយក្នុងនោះការនាំចេញប្រមាណ ៦០ ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចញពីអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះស្ថានភាពនៃការនាំចេញអង្ករក្នុងរយៈពេលប្រាំពីរខែនេះដែរឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហាថា កម្ពុជាជាប្រទេសមានអំណោយផលល្អដល់សន្តិសុខស្បៀង។ កម្ពុជាមានសន្តិសុខស្បៀងល្អ ទោះបីជាប្រទេសមួយចំនួនមានបញ្ហាសន្តិសុខស្បៀងក្រោយពីឥណ្ឌាផ្អាកនាំអង្ករសចេញ។
ឯកឧត្តមបានបន្ថែមថា ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករ បាននិងកំពុងខិតខំសហការគ្នាក្នុងការធ្វើការងារច្រើន ជាមួយកសិករ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក តាមផែនការកំណត់ ដែលនឹងអនុញ្ញាឱ្យអង្ករកម្ពុជារួមចំណែកបានកាន់តែច្រើនក្នុងវិស័យសន្តិសុខស្បៀងពិភពលោក។
ឯកឧត្តម យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖ «កត្តាសំខាន់ៗដែលអំណោយផលដល់សន្តិសុខស្បៀងនៅកម្ពុជាមានដូចជា ទី១កម្ពុជាជាប្រទេសផលិតស្រូវដែលមានស្រូវលើសប្រាំមួយលានតោនក្នុងមួយឆ្នាំដែលចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកថែមទៀត។ ទី២ការប្រមូលផលស្រូវនៅកម្ពុជាមានបីរដូវក្នុងមួយឆ្នាំ និងទី៣ ប្រជាជនភាគច្រើនជាកសិករផលិតស្រូវ ហើយអ្នកផលិតស្រូវភាគច្រើនមានស្តុកស្រូវសម្រាប់បរិភោគ»។
ឯកឧត្តមបានបន្ថែមថា តាមការសិក្សាមួយនៅស្រុកជើងព្រៃ មានកសិករ៦៥ ភាគរយមានស្តុកស្រូវសម្រាប់បរិភោគពេញ១ឆ្នាំ, ២០ ភាគរយស្តុកទុកខ្លះ និង១៥ ភាគរយទិញអង្ករបរិភោគ។ តែស្ថានភាពនេះអាចប្រែប្រួលតាមស្រុក និងខេត្ត។
«យើងកំពុងធ្វើការសិក្សាបន្ថែមឱ្យបានច្រើនស្រុក និងខេត្តទៀត ដើម្បីវាយតម្លៃលើស្ថានភាពសន្តិសុខស្បៀងតាមសហគមន៍ដែលជាចំណែកមួយនៃការធានានូវសន្តិសុខស្បៀងជូនសង្គមជាតិទាំងមូល»។ នេះបើតាមឯកឧត្តម យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែម។
ចំណែក លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូងអង្ករកម្ពុជា បានឱ្យដឹងដែរថា កិច្ចសម្របសម្រួលយ៉ាងសស្រោកសស្រាំរបស់រាជដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានផ្តល់កម្លាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដល់សហព័ន្ធ ក្នុងការរៀបចំយុទ្ធសាស្រ្តនានា ជំរុញការនាំចេញអង្ករឱ្យសម្រេចបានតាមផែនការកំណត់ ជាពិសេសសម្រេចការនាំចេញអង្ករឱ្យបានមួយលានតោន នាអនាគតដ៏ខ្លីខាងមុខ។
លោក ចាន់ សុឃាំង បានបញ្ជាក់ថា ៖ «យើងឃើញថា ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែរ ដែលលោកបានផ្សព្វផ្សាយអង្កររបស់កម្ពុជាយើង ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកទាំងអស់ នៅពេលដែលមានអង្គប្រជុំធំៗ ព្រឹត្តិការណ៍ធំៗ គឺប្រមុខរាជរដ្ឋាភិបាលតែងតែលើកបញ្ហាស្រូវ និងអង្ករនេះ ឱ្យដៃគូសន្ទនា ដៃគូចចារបានដឹងអំពីសក្តានុពលស្រូវអង្ករកម្ពុជា ហើយពិចារណារកមើលចំណុចដែលអាចជួយគ្នាបាន។ ការណ៍នេះធ្វើឱ្យតម្រូវការស្រូវ ក៏ដូចជាតម្រូវការអង្ករនេះ មានការកើនឡើងជាបន្តបន្ទាប់»។
លោកបានបន្ថែមថា តាមរយៈការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល និងភាពរីកចំរើននៃនៃវិស័យឯកជន ក្នុងការពង្រីកបន្ថែមនូវសមត្ថភាពសម្ងួតរបស់ក្រុមហ៊ុនក្នុងស្រុក បានធ្វើឱ្យតម្លៃស្រូវមួយចំនួនដូចជា IR និងOM នារយៈពេល៣ឆ្នាំចុងក្រោយនេះ មានតម្លៃល្អ នៅពេលដែល តម្រូវការអង្ករសរបស់ទីផ្សារក៏មានកំណើនផងដែរ៕
ដោយ៖វណ្ណ សុជាតា