ក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សាសន្តិសុខ អ.ស.ប  តំណាងកម្ពុជារំលេចពីសារៈសំខាន់នៃការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះដើម្បីសន្តិសុខស្បៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិ(អ.ស.ប)នាទីក្រុងញូវយ៉ក តំណាង​កម្ពុជាបានរំលេចពី​សារៈសំខាន់នៃការកសាងសន្តិភាព និងការទប់ស្កាត់ជម្លោះ ដើម្បីបញ្ចៀសគ្រោះទុរ្ភិក្ស និងអសន្តិសុខស្បៀ​ងអាហារ។​

ការរំលេចនេះ ធ្វើឡើងតាមរយៈការថ្លែងឡើង​នាកិច្ចពិភាក្សាបើកចំហរនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី​៣ ខែសីហា នាស្នាក់ការកណ្តាលរបស់អ.ស.ប  នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែល​​កិច្ចពិភាក្សានេះធ្វើឡើង​ក្រោមមូលបទ «ទុរ្ភិក្ស និងអសន្តិសុខស្បៀងបង្កឡើងដោយជម្លោះប្រដាប់អាវុធ»។ ​

លោកជំទាវ អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប បានថ្លែងថា សន្តិភាព និងសន្តិសុ​ខត្រូវមានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខស្បៀង ដែលមានការទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ​ផ្ទាល់នៅឆ្នាំ២០១៨ ហើយផ្អែកតាមបទពិសោធន៍ផ្ទាល់​របស់កម្ពុជាដែលធ្លា​ប់ឆ្លងកាត់ដោយសារជម្លោះ ពោលគឺសង្គ្រាមនានារាប់ទសវត្សរ៍។​

លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «កម្ពុជាចង់បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការកសាងសន្តិភាព និងការការពារជម្លោះ ជាពិសេសនៅក្នុងនិន្នាការនៃការព្រួយបារម្ភនាពេលបច្ចុប្បន្ន។ យើ​ងគាំទ្រការលើកឡើងដែលថា គណៈកម្មការកសាងសន្តិភាពគួរតែដើរតួនាទីប្រឹក្សាធំជាងនេះ លើសក​ម្មភា​ពសមស្របនៅក្នុងតំបន់ជម្លោះ»​។​

លោកជំទាវបាន​បន្តថា កម្ពុជាបន្តគាំទ្រដល់ការអំពាវនាវឱ្យ​គ្រប់ភាគីជម្លោះប្រដាប់អាវុធនានាគោរពច្បាប់មនុស្សធម៌អ​ន្តរជាតិ ចៀសវាងប្រើអាវុធជាមធ្យោបាយផ្តាច់ស្បៀង និងរារាំងប្រជាជនក្នុងការទ​ទួលបានស្បៀងគ្រប់គ្រាន់ ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​ ពិភពលោកកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស និងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ ដោយស្តែងឡើ​ងតាមរយៈរបាយការណ៍សាកលស្តីពីវិបត្តិស្បៀងអាហារ។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប  បានបន្តថា កម្ពុជាបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិនឹងពង្រឹងការធ្វើការរួមគ្នាឡើងវិញ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) នៅឆ្នាំ២០៣០ ខាងមុខដូចការគ្រោងទុក។ ជាពិសេសការពង្រឹងការដាំដុះក​សិកម្មដែលធន់នឹងអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការវិនិយោគសិក្សាបន្ថែមលើដំណាំកសិកម្ម និងព្រៃឈើ ដើម្បីសន្តិសុខស្បៀងសាកល។​

ពាក់ព័ន្ធបញ្ហានេះដែរ លោក​ យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រលើការអំពាវនាវរ​បស់​តំណាងកម្ពុជានៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប  ក្នុងការកសាងគ្រឹះសន្តិភាពសម្រាប់ពិភពលោក និងការទម្លា​ក់ចោលនូវការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចឱ្យ​គិតគូរលើផ្នែកមនុស្សធម៌ ពីសន្តិសុខស្បៀង ខណៈពិភពលោកក៏រងឥទ្ធិពលអាក្រក់ពីសង្គ្រាមនិងគ្រោះធម្មជាតិ។ លោកបន្តថា កម្ពុជាបានហែលឆ្លងវិបត្តិនេះឆ្អែតឆ្អន់ហើយក្នុងប្រវត្តិសាស្រ្តសង្គ្រាមស៊ីវិលរបស់​ខ្លួន។

លោក​ យង់ ពៅ ​បញ្ជាក់ថា ៖ «សន្តិសុខស្បៀងពិតជាសំខាន់ណាស់ ព្រោះមនុស្សជាតិក្នុងលោកអាចផ្អាកប្រើ​ប្រាស់ទំនិញផ្សេងៗទៀតក្រៅពីឧបភោគបរិភោគបាន ប៉ុន្តែមិនអាចផ្អាកការហូបចុកនេះឡើយ ព្រោះជា​តម្រូវការរស់រាន និងសុខភាព»​។​

លោកបន្តទៀត​ថា អន្តរជាតិតាមរយៈអង្គការសហប្រជាតិ ​ពិសេសមហាអំណាចគួរគិតគូរពីសន្តិសុខស្បៀ​ង និងមនុស្សធម៌ជាគោលដើម្បីសន្តិភាពសាកល ជាពិសេសដើម្បីសម្រេចបំណងរួមការការអភិវឌ្ឍន៍ប្រក​ប​ដោ​យចីរភាពនៅខាងពេលខាងមុខ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner