ក្រសួងទេសចរណ៍៖ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ នឹងពង្រឹងទំនាក់ទំនងទេសចរណ៍ និងកា​រទូតរវាងប្រទេសទាំងពីរបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍ ​បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (​The 14th Indonesian Trade and Tourism Promotion) ដែលបានរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងរយៈពេលបីថ្ងៃកន្លងមក​នេះ​ ​ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ទាំងផ្នែកការទូត ធរុកិច្ចនិងទេសចរណ៍រវាងប្រ​ទេសទាំងពីរ។

ឯកឧត្តម ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៦ ខែសីហា ថា នៅក្នុងពិព័រណ៍ (ITTP 2023)លើកទី១៤នេះ​ បានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងជាមួយគ្នារវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ហើយក្នុងពិ​ព័​រ​ណ៍នេះ​មានអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់ និងមានស្តង់ពិព័រណ៍សរុបចំនួន ៦០ ស្តង់ ដែលបា​នដាក់បង្ហាញដូចជា ផលិ​តផលផ្សេងៗ ការផ្សព្វផ្សាយកម្មវិធី និងគោលដៅទេសចរណ៍ ម្ហូបអាហារ ការអប់រំ តន្ត្រី…​និងបានបើកជូនមហាជនចូលរួមទស្សនាដោយសេរីផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំ២០២៣ គឺជាខួបលើកទី៦៤ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥ​ណ្ឌូ​នេស៊ី ហើយខ្ញុំបាទក៏បានជូនពរដល់ព្រឹត្តិការណ៍ពិព័រណ៍នេះទទួលបានជោគជ័យ និងជូនពរដល់ប្រទេសឥណ្ឌូនេស៊ី ដែ​លកំពុងធ្វើជាប្រធានអាស៊ានទទួលបានជោគជ័យក្នុងរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។

នៅកំលុងពេលចូលរួមពិធីនេះដែរ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា ក្នុងនាមវិស័យ​ឯ​កជន សភាពាណិជ្ជកម្ម ស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដែលមានបំណងចង់វិនិយោគនៅក​ម្ពុជា លើគ្រប់វិស័យ សភាពាណិជ្ជកម្ម នឹងជួយសម្របសម្រួល ជួយរកដៃគូក្នុងស្រុក ក៏ដូចជាការណែនាំពីលក្ខខណ្ឌវិនិយោគល្អជាច្រើន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនវិនិយោគិនបរទេស។

លោកបានបញ្ជាក់ថា ៖ «យើងចង់ផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅ ដល់អ្នកវិនិយោគទាំងអស់ដែលមករកស៊ីនៅស្រុកយើង តាមរយៈការស្វាគមន៍ដល់ពួកគេ និងណែនាំដល់ពួកគេពីច្បាប់ និងលក្ខខណ្ឌវិនិយោគល្អនៅស្រុកយើង។ តាមរយៈក​ម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (ITTP 2023)នេះ ខ្ញុំជឿថា មិនមែនតែឥណ្ឌូនេស៊ីទេ ដែលអាចទាញប្រយោជន៍កិច្ចសហការនេះ កម្ពុជាយើងក៏អាចទាញប្រយោជន៍ពីកិច្ចសហការនេះបានដូចគ្នាដែរ»។

លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានប្រាប់​ឱ្យដឹងដែរ​ថា ឥណ្ឌូនេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានសក្តានុពលបំផុតក្នុងការទាក់ទាញទេសចរមកកាន់កម្ពុជា។

លោកបានបន្ថែមថា ការជំរុញផ្សព្វផ្សាយពីគ្នាទៅវិញទៅមកមិនមែនជារឿងអាក្រក់នោះទេ ដោយសារតែប្រយោជន៍ដែលទទួលបាន គឺមានឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្សព្វផ្សាយនេះហើយ។ លោកបន្តថា ការដឹងពីគ្នាទៅវិញទៅមក នឹងធ្វើឱ្យប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ​ យល់ពីគ្នា និងចែករំលែកបទពិសោធន៍​ឱ្យគ្នាទៅវិញទៅមក ខណៈដែលឥណ្ឌូនេស៊ីជាប្រទេសលូតលាស់មួយដែរលើឧស្សាហកម្មទេសចរណ៍។

លោក ធួន ស៊ីណាន បានបញ្ជាក់បន្ថែមថា ៖ «លើសពីការផ្សព្វផ្សាយពីទេសចរណ៍រវាងគ្នា ខ្ញុំចង់ឱ្យមានជើងហោះហើរត្រ​ង់រវាងគ្នាឱ្យបានកាន់តែច្រើន។ កន្លងមកកម្ពុជា ធ្លាប់មានជើងហោះហើរត្រង់ជាមួយប្រទេសម្តងដែរ តែត្រូវផ្អាកវិញ។ ដូចនេះ ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងពីឥណ្ឌូនេស៊ីមកវិញ ត្រូវឆ្លងកាត់ច្រើនមួយចំនួន ដែលនាំឱ្យខាតពេលវេលា និងចំណាយច្រើន»។

លោកបានបន្ថែមថា ការតភ្ជាប់ជើងហោះហើរឡើងជាមួយឥណ្ឌូនេស៊ីនេះ វាមិនត្រឹមតែជួយបង្កើនលំហូរទេសចរណ៍ ពា​ណិ​​ជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរប៉ុណ្ណោះទេ វាថែមទាំងទាក់ទាញទេសចរដែលទៅកំសាន្តនៅកោះបាលី ឱ្យមកកា​ន់កម្ពុជាផងដែរ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា​ទទួលបាន​ទេសចរណ៍​អន្តរជាតិចំនួនជាង ២,២លា​ននាក់ ​កើនឡើងប្រមាណជាង​មួយពាន់ភាគរយ ក្នុងនោះទេសចរ​ឥណ្ឌូនេស៊ីមានចំនួនជាង ៧,៥ម៉ឺន កើនឡើងជិ​ត ៨០០ នាក់​៕

ដោយ៖វណ្ណ សុជាតា

ads banner