រដ្ឋមន្រ្តីការបរទេសចិន ជួបជាមួយសមភាគីសហរដ្ឋអាម៉េរិកនៅក្រៅកិច្ចប្រជុំអាស៊ាន ដើម្បីពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ថៃ៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយសមភាគីអាម៉េរិករបស់លោក គឺលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍តនេះ នៅក្រៅកិច្ចប្រជុំអាស៊ាន ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ។

លោក វ៉ាង យី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំនួបរបស់លោកជាមួយនឹងលោក ប៉ុមប៉េអូ គឺតំណាងឱ្យឱកាសដ៏សំខាន់មួយសម្រាប់ពួកយើងទាំងអស់គ្នា ក្នុងការប្រាស្រ័យទាក់ទងគ្នា។ លោកបន្ថែមទៀតថា ការបន្តកិច្ចចរចាពាណិជ្ជកម្មនេះបង្ហាញថា មិនថាមានបញ្ហាអ្វីក៏ដោយដែលប្រទេសទាំងពីរអាចប្រឈមនោះ គឺភាគីទាំងពីរចំាបាច់ត្រូវប្រាស្រ័យទាក់ទងទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជំនួបទល់មុខគ្នារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ត្រៀមជួបគ្នាជាថ្មីទៀតនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបានភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner