ចិនចេញផ្សាយភាពយន្តឯកសារតាមទូរទស្សន៍ បង្ហាញពីសមត្ថភាពកងទ័ពក្នុងការវាយប្រហារតៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិនបានចេញផ្សាយភាពយន្តឯកសារថ្មីមួយ អំពីការរៀបចំរបស់កងទ័ពដើម្បីវាយប្រហារតៃវ៉ាន់ និងបង្ហាញពីទាហានដែលសន្យាថានឹងលះបង់ជីវិតរបស់ពួកគេ ដើម្បីប្រយុទ្ធប្រសិនបើចាំបាច់ ខណៈក្រុងប៉េកាំងនៅតែបន្តការបញ្ចេញនូវវោហាសាស្ត្រប្រឆាំងនឹងកោះនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអាទិត្យនេះ។
ភាពយន្តឯកសារនោះ មានចំណងជើងថា «Chasing Dreams» ឬ «ដេញចាប់ក្ដីស្រម៉ៃ» ជាភាសាខ្មែរ និងមានចំនួនប្រាំបីវគ្គ ដែលចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋ CCTV កាលពីដើមសប្តាហ៍កន្លងទៅ ក្នុងឱកាសប្រារព្ធខួបលើកទី ៩៦ របស់កងទ័ពរំដោះប្រជាជន (PLA)។ វាបង្ហាញពីសមយុទ្ធយោធា និងសក្ខីកម្មដោយទាហានរាប់សិបនាក់ ដែលក្នុងនោះជាច្រើននាក់ បានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការពលីជីវិតដើម្បីប្រយុទ្ធ ក្នុងករណីដែលចិនឈ្លានពានតៃវ៉ាន់។
គួរបញ្ជាក់ថា ចិនទាមទារតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងធ្វើការដណ្ដើមយកដោយកម្លាំងប្រសិនបើចាំបាច់។ ជារឿយៗ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និង PLA ដែលចេញផ្សាយការឃោសនាដែលលើកកម្ពស់ទំនើបកម្មរបស់កងទ័ព ក៏ដូចជាវីដេអូទាក់ចំណាប់អារម្មណ៍នៃសមយុទ្ធយោធា។
ការឃោសនាទាំងនោះ បម្រើដល់ការជំរុញឱ្យមានកំណើនជាតិនិយមរបស់ចិន និងបង្ហាញទំនុកចិត្តខាងយោធាប្រឆាំងនឹងតៃវ៉ាន់ និងទំនាក់ទំនងរបស់កោះនេះជាមួយសហរដ្ឋអាមេរិក ដែលមិនទទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ប៉ុន្តែសន្យាថានឹងជួយការពារប្រសិនបើចិនឈ្លានពាន។ កាលពីខែមុន សេតវិមានបានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣២៤ លានដុល្លារសម្រាប់តៃវ៉ាន់ ដែលការណ៍នេះធ្វើឱ្យមានការរិះគន់ប្រឆាំងខ្លាំងៗពីប្រទេសចិន។
នៅក្នុងភាពយន្តឯកសារ «Chasing Dreams» ចិនបានបង្ហាញពីសមយុទ្ធយោធាឈ្មោះ «Joint Sword» ក្នុងចំណោមសកម្មភាពយោធាផ្សេងៗរបស់ PLA ក្នុង «ប្រតិបត្តិការក្លែងវាយប្រហារ» ប្រឆាំងនឹងតៃវ៉ាន់។ សមយុទ្ធក្នុងភាពយន្តឯកសារដដែល ធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់កាលពីខែមេសា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។
ក្នុងចំណោមវគ្គដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតនៃភាពយន្តឯកសារ គឺការប្ដេជ្ញារបស់ទាហាន PLA មកពីកងពលនានាក្នុងការលះបង់ជីវិតរបស់ខ្លួនដើម្បីដណ្ដើមយកតៃវ៉ាន់។
លោក Zuo Feng មកពីអង្គភាពបោសសម្អាតមីនរបស់កងទ័ពជើងទឹក PLA បាននិយាយក្នុងសក្ខីកម្មក្នុងភាពយន្តឯកសារថា៖ «ប្រសិនបើសង្រ្គាមផ្ទុះឡើង ហើយមានលក្ខខណ្ឌពិបាកពេកក្នុងការដកមីនសមុទ្រចេញដោយសុវត្ថិភាពក្នុងការប្រយុទ្ធជាក់ស្តែងនោះ យើងនឹងប្រើខ្លួនប្រាណរបស់យើង ដើម្បីបោសសម្អាតផ្លូវសុវត្ថិភាពសម្រាប់កងកម្លាំងរបស់យើង»។
ចំណែកឯលោក លី ផេង(Li Peng) ដែលជាអាកាសយានិកមកពីកងអនុសេនាធំ Wang Hai ក្រោមកងទ័ពអាកាស PLA បាននិយាយយ៉ាងមុះមុតថា៖ «យន្តហោះចម្បាំងរបស់លោក នឹងក្លាយជាមីស៊ីលចុងក្រោយដែលហោះឆ្ពោះទៅរកសត្រូវ ប្រសិនបើខ្ញុំនៅក្នុងសមរភូមិពិតប្រាកដ ហើយអស់គ្រាប់រំសេវ»។
ជាមួយគ្នានោះដែរ លោក Fan Lizhong មេបញ្ជាការអង្គភាពយុទ្ធសាស្ត្រពិសេស បាននិយាយនៅក្នុងភាពយន្តឯកសារដូចគ្នាថា ខណៈការបាត់បង់កងកម្លាំងគឺជារឿងឈឺចាប់ លោកត្រូវតែរក្សាភាពស្ងប់ស្ងាត់ដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ហើយត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ។
ភាពយន្តឯកសារ «Chasing Dreams» ដដែល ក៏បានបង្ហាញផងដែរពីនាវា Shandong ដែលជានាវាផ្ទុកយន្តហោះមួយក្នុងចំណោមនាវាផ្ទុកយន្តហោះទាំងបីរបស់ចិន ដែលអមខ្លួនជាមួយនាវាចម្បាំងជាច្រើនទៀត។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ PLA បានបញ្ជូននាវា Shandong ម្តងហើយម្តងទៀតទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការគំរាមកំហែងរបស់ខ្លួន។ លើសពីនេះ PLA ជារឿយៗ ក៏បានបញ្ជូនយន្តហោះចម្បាំង ឱ្យឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រ ដែលជាតំបន់កំណត់ព្រំដែនក្រៅផ្លូវការរវាងចិន និងតៃវ៉ាន់ផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា