អ៊ុយក្រែនចាត់ទុកកិច្ចចរចានៅទីក្រុងចេតដា ថាទទួលបានផ្លែផ្កា ប៉ុន្តែរុស្ស៊ីចាត់ទុកថាបរាជ័យ

កៀវ៖ កាលពីថ្ងៃអាទិត្យមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានឱ្យដឹងថា កិច្ចពិភាក្សាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពជុំវិញបញ្ហាសង្គ្រាមជាមួយរុស្ស៊ីបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ប៉ុន្តែទីក្រុងមូស្គូបានហៅកិច្ចប្រជុំនោះថាជាកិច្ចខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ និងបរាជ័យ ពោលគឺដើម្បីតែប្រមូលផ្តុំការគាំទ្រពីបណ្ដាប្រទេសលោកខាងត្បូងទៅកាន់ទីក្រុងកៀវ (Kyiv) តែប៉ុណ្ណោះ។

គួរដឹងដែរថា ក្នុងកិច្ចប្រជុំនៅទីក្រុងចេតដា (Jeddah) នោះមានជាង ៤០ ប្រទេសដែលបានចូលរួម ក្នុងនោះរួមមានទាំងប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ប៉ុន្តែរុស្ស៊ីមិនបានចូលរួមនៅក្នុងកិច្ចចរចានេះទេ។

អ៊ុយក្រែន និងបណ្ដាសម្ព័ន្ធមិត្តជាច្រើនបានហៅកិច្ចចរចានេះថា ជាការធ្វើឡើងដើម្បីទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់គោលការណ៍ដែលទីក្រុងកៀវចង់បានជាមូលដ្ឋាននោះគឺសន្តិភាព រួមទាំងការដកទ័ពរុស្ស៊ីទាំងអស់ចេញពីអ៊ុយក្រែន ក៏ដូចជាការប្រគល់ទឹកដីអ៊ុយក្រែនទាំងអស់ពីរុស្ស៊ីវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymir Zelenskiy) បានលើកឡើងថា លោកចង់ឱ្យមានកិច្ចប្រជុំកំពូលសកលមួយ ធ្វើឡើងដោយផ្អែកលើគោលការណ៍ទាំងនោះនៅចុងឆ្នាំនេះ។ បន្ថែមលើនេះ ក្រសួងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក៏បានប្រកាសថា ប្រទេសដែលបានចូលរួមជាច្រើនបានយល់ព្រមលើសារៈសំខាន់នៃការបន្តការជជែក និងពិគ្រោះយោបល់ដើម្បីត្រួសត្រាយផ្លូវទៅរកសន្តិភាព។

ក្រុមមន្ត្រីអឺរ៉ុបបានរំលេចថា បណ្ដាប្រទេសដែលបានចូលរួមទាំងអស់ គ្រោងនឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយសារសង្រ្គាម។

វាមានរយៈពេល ១៨ ខែមកហើយ រាប់ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន ហើយកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ហាក់ដូចជានៅឆ្ងាយនៅឡើយ ខណៈដែលការប្រយុទ្ធគ្នាកំពុងតែកើតមានឡើងយ៉ាងខ្លាំងក្លានៅសមរភូមិជួរមុខ។

ប្រធានការិយាល័យរបស់លោក ហ្សេលេនស្គី លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានធ្វើការពិគ្រោះយោបល់ប្រកបដោយផលិតភាពខ្ពស់ទៅលើគោលការណ៍សំខាន់ៗ ដែលសន្តិភាពគួរតែត្រូវបានកសាងឡើងក្នុងរយៈពេលវែង»។

យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សៀហ្គៃ រ៉ាបកូវ (Sergei Ryabkov) បានលើកឡើងថា «កិច្ចប្រជុំនេះគឺជាការឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់បស្ចិមប្រទេស ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ និងអាចបង្ករក្ដីវិនាសតាមរយៈការប្រមូលផ្តុំបណ្ដាប្រទេសលោកខាងត្បូង ឱ្យនៅពីក្រោយលោក ហ្សេលេនស្គី»។

ខណៈដែលបណ្តាប្រទេសលោកខាងលិចបានគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងបណ្ដារដ្ឋជាច្រើនផ្សេងទៀតបានស្ទាក់ស្ទើរក្នុងការជ្រើសរើសថាតើគួរឈរនៅភាគីខាងណាមួយ បើទោះបីជាពួកគេចង់បញ្ចប់ជម្លោះដែលកំពុងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ។

ក្រុមអ្នកវិភាគបាននិយាយថា ការចូលរួមរបស់ប្រទេសចិន បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានដែលអាចកើតមាននៅពេលខាងមុខ ប៉ុន្តែទំនងជាមិនមានការផ្លាស់ប្តូរធំដុំនោះទេ។ រីឯអ្នកការទូតលោកខាងលិច ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អារ៉ាប៊ីសាអូឌីត ក្នុងការកោះប្រជុំបណ្ដាប្រទេសឱ្យបានកាន់តែច្រើនជាងនេះមកចូលរួម ដោយប្រើប្រាស់ទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង និងការបន្តទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវ។

លោក យឺម៉ាក បានបញ្ជាក់ថា ទស្សនៈផ្សេងៗគ្នាជាច្រើនបានលើកឡើងក្នុងកំលុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកយល់ឃើញថា វាជាការសន្ទនាដ៏បើកចំហ និងស្មោះត្រង់បំផុត។ លោកបានបន្ថែមទៀតថា ប្រទេសទាំងអស់ដែលមានវត្តមាន បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព ជាពិសេសភាពមិនអាចរំលោភបាននៃបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ៕ ប្រែសម្រួល៖ ធា សុណា

ads banner