ក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់រហូតចំនួន១៧ ក្បាល នៅស្រុកជើងព្រៃ
ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ចាមបានលើកឡើងថា ករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ រហូតចំនួន១៧ ក្បាល បានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារក្របីទាំងនោះអស់កម្លាំងហែលទឹក និងការខ្លាចរូបភ្នែករចនានៅលើទូកដែលដូចរូបសត្វក្រពើ។

តាមរយៈរបាយការណ៍របស់លោក ឆាង ផល្លា មេឃុំផ្តៅជុំបានលើកឡើងថា ប្រជាពលរដ្ឋជាម្ចាស់ក្របីបានលែងក្របីជាហ្វូងដើម្បីឱ្យស៊ីស្មៅនៅចំណុចអ្នកតាប៉ោ ស្រុកកងមាស ដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំង ធ្វើឱ្យលិចតំបន់នោះ។
លោកបានបន្តថា ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

លោក ឆាង ផល្លា បានបន្តថា ៖ «មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូម៉ែត្រ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក ដែលមើលទៅដូចរូបសត្វក្រពើ ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ»។
ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ ក្បាល ក្នុងនោះពីរក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះបើតាមលោក ឆាង ផល្លា។

លោក ជាង សែ អធិការរងនគរបាលស្រុកជើងព្រៃ បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៧ ខែសីហា ថា លោក មិនមានរបាយការណ៍លម្អិតទេ ករណីក្របីងាប់នេះ ហើយក៏មិនទាន់ដឹងថា ក្របីទាំងនោះយកទៅណាដែរ។
ចំណែក លោក វ៉ន រ៉ាវី មេប៉ុស្តិ៍ផ្តៅជុំ ប្រាប់ឱ្យដឹងដែរថា ក្របីដែលងាប់នោះ ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់បានដេញមកផ្ទះ ដោយឆ្លងព្រែកមួយកន្លែង ដែលមានទឹកហូរខ្លាំង ហើយម្ចាស់ក្របីបានដេញឱ្យឆ្លង ប៉ុន្តែក្របីទាំងនោះមិនចង់ឆ្លង ហើយចង់បកក្រោយវិញ បណ្តាលឱ្យជាន់គ្នាងាប់នៅទីនោះតែម្តង។

លោកបានថ្លែងថា ៖ «ក្រោយហេតុការណ៍នេះ កើតឡើងម្ចាស់ក្របី បានទៅដឹកសាកសពក្របីទាំងនោះ មកកាប់យកសាច់ចែកគ្នា ។ឯប្រជាពលរដ្ឋខ្លះទៀត ក៏បានចូលលុយគ្នាទិញយកមកកាប់យកសាច់ចែកគ្នាហូបដែរ និងមួយចំនួនទៀត ត្រូវបានឈ្មួញដែលជាអ្នកកាប់ក្របីលក់ក៏បានទិញយកមកកាប់សាច់ប្រឡាក់លក់បន្តដែរ»៕ ដោយ៖ គឹម យុត្ថារ៉ូ