ឆមាសទី១៖ តម្លៃដូងប្រេងធ្លាក់ចុះបន្តិច ដោយសារទិន្នផលមិនសូវល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែសីហាថា ការនាំចេញដូងប្រេងនៅឆមាសទី១ ឆ្នាំ២០២៣នេះ សម្រេចបាន ២២ ០០០ តោន ខណៈដែលបញ្ហារបាយទឹកភ្លៀងតិច បានធ្វើឱ្យទិន្នផលដូងប្រេងមានការធ្លាក់ចុះ តែធ្វើឱ្យតម្លៃផលិតមានការកើនឡើងខ្ពស់។

ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ជាធម្មតាដូងប្រេងនៅពេលដែលផលវាធ្លាក់ចុះ ទឹកភ្លៀងតិច នោះតម្លៃផលិតវានឹងឡើងខ្ពស់វិញ។ អញ្ចឹងបច្ចុប្បន្ន យើងលក់បានតម្លៃបច្ចុប្បន្នជាមធ្យម ៨០០ ទៅ៨៥០ដុល្លារ ក្នុងមួយតោន ហើយពីមុនមក បើយើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (២០២២) ជាមធ្យម១ ៣០០ដុល្លារ ក្នុងមួយតោន»។

លោកបានបន្ថែមថា កត្តាដែលធ្វើឱ្យតម្លៃដូងប្រេងនៅឆ្នាំនេះទាបជាងឆ្នាំមុន ក៏អាចដោយសារកត្តានៃតម្លៃខ្ពស់នៅក្នុងឆ្នាំមុនដែរ។ ម្យ៉ាងវិញទៀត ស្ថានភាពនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ការហាមឃាត់ការនាំចេញរបស់ឥណ្ឌូនេស៊ីក្នុងខែឧសភា ឆ្នាំ ២០២២ផងដែរ។

ឧកញ៉ាបានកត់សម្គាល់ឃើញទៀតថា តម្រូវការទីផ្សារខ្ពស់ជាងមុន ជាពិសេសបន្ទាប់ពីជំងឺកូវីដ១៩បានធូរស្បើយឡើងវិញ ប៉ុន្តែដោយសារការធ្លាក់ចុះនៃផលិតកម្ម ដោយសារតែទិន្នផលបានទាប ដោយសារទឹកភ្លៀងនេះ បានធ្វើឱ្យផលចំណេញមានការធ្លាក់ចុះ ហើយត្រូវចំណាយច្រើនលើតម្លៃផលិតកម្ម។

ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមថា ៖ «សព្វថ្ងៃ ខ្ញុំមានផ្ទៃដីដាំដុះ ១៦ ៥០០ ហិកតា ដោយក្នុងមួយហិកតាអាចប្រមូលផលបាន ១៦ទៅ ២០តោនក្នុងមួយហិកតា ហើយដំណាំដូងប្រេងនេះ វាស៊ីទឹកណាស់ កាលណាមានភ្លៀងច្រើន ផលរបស់វាក៏បានច្រើនទៅតាមហ្នឹងដែរ។ បើកាលណាទឹកភ្លៀងមិនគ្រប់គ្រាន់ហើយ ផលក៏ថយទៅតាមហ្នឹងផងដែរ»។

ទាក់ទងនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាស ចំពោះដំណាំនេះដែរអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ធ្លាប់បានប្រាប់ឱ្យដឹងថា បញ្ហាប្រែប្រួលអាកាសធាតុនេះ ជាកត្តាធ្វើឱ្យប៉ះពាល់ដល់ដំណាំគ្រប់ប្រភេទ ដោយមិនអាចជៀសរួចបានឡើយ។ កញ្ញាបន្តថា ក្រសួងបានជូនដំណឹងពីផលប៉ះពាល់នេះ ចាប់តាំងពីការជូនដំណឹងពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកតាំងពីមុនរួចហើយ ដើម្បីរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់ការទប់ទល់ និងថែទាំដំណាំ ជាពិសេសក្នុងពេលដែលកម្ពុជាត្រូវរងឥទ្ធិពលពីបាតុភូត El Nino នេះ។

កញ្ញាបានបញ្ជាក់ថា ៖ «មន្ទីរកសិកម្មទូទាំង២៥រាជធានីខេត្ត បានធ្វើការយ៉ាងជិតស្និទជាមួយនឹងកសិករ ដើម្បីជួយដល់កសិករ ក្នុងការផ្តល់បច្ចេកនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ដំណាំនានា ដោយសារបាតុភូត El Nino (គ្រោះរាំងស្ងួតអូសបន្លាយ)»។

អ្នកនាំពាក្យក្រសួងបានបន្តទៀតថា បាតុភូតនេះ នឹងត្រូវជះឥទ្ធិពលអាក្រក់ដល់ដំណាំគ្រប់ប្រភេទ ដោយមិនអាចជៀសបាននោះទេ ប៉ុន្តែទន្ទឹមនឹងនោះ ក្រសួងកសិកម្មនៅតែបន្តធ្វើការជាមួយកសិករ ដែលត្រូវការជំនួយបច្ចេកទេស ដោយក្រសួងមានមន្រ្តីជំនាញកសិកម្ម សម្រាប់ផ្តល់យោបល់លើការបង្ការនិងទប់ស្កាត់ផលប៉ះពាល់ទាំងនោះ។

បើទោះជាតម្លៃដូងប្រេង ហាក់មិនសូវល្អក៏ពិតមែន តែឧកញ៉ា ម៉ុង ឫទ្ធី នៅតែអះអាងថា លោកនឹងតែបន្តផលិតកម្មដូងប្រេងនេះជាធម្មតា ដើម្បីផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលត្រូវការចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាស្រ័យផល តាមរយៈការធ្វើការងារនៅចម្ការ និងរោងចក្រចម្រាញ់ដូចប្រេងរបស់លោក។

ចម្ការដូងប្រេងរបស់ លោក ម៉ុង ឫទ្ធី អាចប្រមូលផលបានចន្លោះ ១ ៨០០ ទៅ ២ ០០០ តោន ក្នុងមួយថ្ងៃ ដោយផ្លែដូងប្រេងទាំងនេះ ត្រូវតែចូលក្នុងរោងចក្រចម្រាញ់ជាដាច់ខាត បន្ទាប់ពីបេះរួច ព្រោះថា បើពុំដូច្នោះទេ វានឹងស្អុយរលួយចោល ដោយសារតែអាស៊ីតឡើងខូចគុណភាព។

សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប មានរោងចក្រចម្រាញ់ដូងប្រេងចំនួនពីរ ដោយរោងចក្រទីមួយមានសមត្ថភាពចម្រាញ់ប្រេងដូចក្នុងមួយថ្ងៃប្រមាណ៣០តោន ក្នុងមួយម៉ោង និងរោងចក្រទី២ អាចចម្រាញ់បាន៦០តោនក្នុងមួយម៉ោង។

រោងចក្រទាំងពីរនេះ ដើរដោយថាមពលកកើតឡើងវិញ ដោយប្រើប្រាស់កាកសំណល់ដូងប្រេងដុតយកចំហាយទឹក ដើម្បីប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីប្រើប្រាស់ក្នុងរោងចក្រវិញ និងមិនមានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ផលិតអគ្គិសនីនោះទេ។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញដូងប្រេងសម្រេច បានក្នុងបរិមាណ ៣៣ ៩៧៥ តោន កើនឡើងជាង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយ៖ វណ្ណ សុជាតា

ads banner