ក្រសួងអប់រំប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តនិងប្រតិភូយុវជន ចូលរួមក្នុងកម្មវិធីជំរំយុវជនជាសាកលលើកទី៩
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត និងប្រតិភូយុវជនចំនួន ២៥០នាក់ ឱ្យចូលរួមក្នុងកម្មវិធី «ជំរំយុវជនជាសាកលលើកទី៩» ដែលនឹងធ្វើឡើងនាខែធ្នូចុងឆ្នាំនេះនៅខេត្តសៀមរាប។
សេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែសីហាបានឱ្យថា ការជ្រើសរើសយុវជនស្ម័គ្រចិត្ត និងជាប្រតិភូយុវជនសម្រាប់ឆ្នាំនេះមានចំនួនតែ ២៥០នាក់ប៉ុណ្ណោះ ហើយបេក្ខជនទាំងនោះ អាចមកពីគ្រប់បណ្ដា ២៥រាជធានី/ខេត្តទូទាំងប្រទេសកម្ពុជា។ ជាពិសេសយុវជនដែលមកពីបណ្ដាខេត្ត ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមក្នុងកម្មវិធី «ជំរំយុវជនជាសាកលលើកទី៩» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។
សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា ប្រតិភូយុវជន ដែលអាចចូលរួមកម្មវិធី «ជំរំយុវជនជាសាកលលើកទី៩»នេះបាន ត្រូវមានសុខភាពល្អ មានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គតម្រង់ទិស និងចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយគណៈកម្មការ ហើយនិងមានទំនួលខុសត្រូវខ្ពស់ និងគោរពតាមការអនុវត្តសេចក្ដីណែនាំ។
ចំណែកយុវជនស័្មគ្រចិត្តវិញ ការចូលរួមរៀបចំក្នុងកម្មវិធីនេះ ពួកគាត់នឹងទទួលបានចំណេះដឹង ការកសាងទំនាក់ទំនង និងការពង្រឹងភាពជាអ្នកដឹកនាំ។ ក្រៅពីនេះទៀត យុវជនស្ម័គ្រចិត្ត ពួកគាត់ក៏ទទួលបាននូវបទពិសោធន៍ក្នុងការធ្វើការងារជាក្រុម វិញ្ញាបនបត្រ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានប្រាប់ឱ្យដឹងនាពេលកន្លងមកថា ការជ្រើសរើស ស្រុកបន្ទាយស្រី ជាទីតាំងសម្រាប់ការរៀបចំកម្មវិធីជំរំយុវជនជាសាកលលើកទី៩នេះ ដោយសារជាស្រុកដែលមានឈ្មោះទៅតាមប្រាង្គប្រាសាទដ៍តូចត្រឡឹង និងល្អឯកលើសិល្បៈលម្អប្រាសាទ។
លោកជំទាវថា មួយទៀត វាមានអំណោយផលលើទីតាំងល្អ នៅជើងភ្នំគូលែន និងមានទីធ្លាធំទូលាយលើផ្ទៃដីប្រមាណជាង ៣០ហិកតា ដែលជាការបង្កលក្ខណៈងាយស្រួលចំពោះបច្ចេកសម្រាប់ការបោះជំរំ និងអនុកម្មវិធីនានា។ កម្មវិធីបោះជំរំយុវជនជាសាកលនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់យុវជនចូលរួម និងយុវជនអ្នកស្ម័គ្រចិត្ត មានការកែប្រែឥរិយាបទ ការគិតបែបវិជ្ជាមាន និងអភិវឌ្ឍសមត្ថភាព។
សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសាកល គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមការជួយឧបត្ថមគាំទ្រពីសំណាក់ធនាគារកាណាឌីយ៉ា ហើយការបោះជំរំយុវជនជាសាកល ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះ៕ ដោយ៖ ជា សុខនី
