រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជាត្រូវការភ្ញៀវទេសចរផ្ទៃក្នុងបួនលាននាក់ទៀត ដើម្បីសម្រេចផែនការសម្រាប់ឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេលប្រាំពីរខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២ លាននាក់ ដោយខ្វះតែ បួនលាននាក់ទៀតប៉ុណ្ណោះ កម្ពុជានឹងសម្រេចផែនការភ្ញៀវទេសចរផ្ទៃក្នុង ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ខណៈភ្ញៀវអន្តរជាតិរំពឹងថា នឹងបានប្រាំលាននាក់។

ឯកឧត្តម ថោង ខុន បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែសីហាថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨ឆ្នាំ ២០២៣នេះ មានអ្នកចូលរួមសរុបជាង២.៥០០នាក់។ ក្នុងនោះមានបរទេសជាង៥០០នាក់មកពី៤៥ប្រទេស ហើយចំនួននេះមានការ កើនឡើងច្រើនបើធៀបទៅនឹងការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៧ ដែលត្រូវបានរៀបចំជាថ្មី បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ កាលពីឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ការកើនឡើង នៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះ ដោយសារភ្ញៀវទេសចរបានមើលឃើញថា កម្ពុជាមានសុខសន្តិភាពពេញបូរិបូណ៍ ហើយគណៈកម្មការ និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀតបានរៀបចំតំបន់អង្គរបានល្អ។ ខ្ញុំរំពឹងថា នៅឆ្នាំនេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចអន្តរជាតិប្រាំលាននាក់ ក្នុងស្រុកប្រមាណ១៦លាននាក់ និងឆ្នាំ២០២៦ ទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងដល់ប្រមាណប្រាំពីរលាននាក់»។នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តី»។

បើតាមរបាយការណ៍ស្ថិតិពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែ ក្នុងឆ្នាំនេះនៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ។

ចំពោះស្ថិតិទេសចរណ៍ និងការរំពឹងពីក្រសួងទេសចរណ៍ ចំពោះភ្ញៀវទេសចរក្នុងឆ្នាំនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាថា ជាធម្មតា ខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះ មិនមានថ្ងៃឈប់សម្រាកជាតិទេ។

លោកបានបញ្ជាក់ថា ៖ «រដូវនេះជារដូវ Low season។ ជារដូវកាលដែលខ្សត់ភ្ញៀវ វារឿងធម្មតា។ ចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញា ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា ហើយភ្ញៀវនឹងចាប់ផ្តើមមានមកវិញនៅកំលុងចុងឆ្នាំនេះ ដែលអាចនឹងធ្វើឱ្យកំណើនទេសចរសម្រេចទៅតាមផែនការដែលក្រសួងបានរំពឹងទុក»។

ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ១៦លាននាក់ សម្រាប់ឆ្នាំនេះ ក្រោមទម្រង់អក្សរ “វី”( V )ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩៕ ដោយ៖ វណ្ណ សុជាតា

ads banner