ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបជាផ្លូវការ
ភ្នំពេញ៖ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៧ ខែសីហា។
តាមរយៈផែនការនេះ ក្រសួងទេសចរណ៍ជឿថា នឹងក្លាយជាចក្ខុវិស័យដ៏សំខាន់ សម្រាប់ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់។

នាឱកាសនោះឯកឧត្តម ថោង ខុន បានលើកឡើងថា ការប្រកាសដាក់ឱ្យអនុវត្តផ្លូវការ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនាពេលនេះ ក្នុងគោលបំណងដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែង នៅក្នុងតំបន់និងពិភពលោកនាពេលខាងមុខ។
ឯកឧត្តមបានថ្លែងថា ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ហើយត្រូវបានទទួលការអនុម័តដោយប្រមុខរាជរដ្ឋាភិបាល កាលពីខែកក្កដាកន្លងមកនេះ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តកែប ខិតខំអនុវត្តផែនការមេនេះប្រកបដោយគុណភាព និងប្រសិទ្ធភាព ពិសេសបង្កើនការបង្កើនការផ្សព្វផ្សាយពីផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឱ្យបានទូលាយ ដើម្បីងាយស្រួលក្នុងការអនុវត្តន៍ជៀសវាងកើតមានបញ្ហាណាមួយ។

នាឱកាសនោះដែរឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានថ្លែងឡើងដែរថា ក្រៅពីវិស័យកសិកម្ម នេសាទសមុទ្រ ឧស្សាហកម្ម និងអាជីវកម្មកំពុងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត បច្ចុប្បន្នវិស័យទេសចរណ៍ សេវាកម្ម ក៏កំពុងជួយដល់ប្រជាពលរដ្ឋ និងទាក់ទាញកំណើនទេសចរណ៍មកកាន់ខេត្តកែបផងដែរ។
ជាក់ស្តែងលោកថា ៖ «ថ្វីត្បិតតែខេត្តកែប ជាខេត្តមួយតូច និងមានប្រជាជនតែជាងបួនម៉ឺននាក់ តែខេត្តនេះ សម្បូរភោគផលធម្មជាតិ កន្លែងទេសចរណ៍ធម្មជាតិជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ជាក់ស្តែងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសរុបជាង ប្រាំមួយលាននាក់»។
លោកបានឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២៣នេះ នៅទូទាំងខេត្តកែប មានសណ្ឋាគារចំនួន ១៦ ផ្ទះសំណាក់ ចំនួន ៦១ បឹងហ្គាឡូរីសតចំនួន២៥ អាហារដ្ឋាន និងភោជនីយដ្ឋានចំនួន ៤១ ស្ប៉ាសូណា និងម៉ាស្សាចំនួនបី ខារ៉ាអូខេចំនួនប្រាំបួន ក្លឹបកម្សាន្តចំនួនមួយ មណ្ឌលព័ត៌មានទេសចរណ៍ចំនួនបី និងទូកដឹកភ្ញៀវទេសចរចំនួន ១៦។
ឯកឧត្តម សោម ពិសិដ្ឋ បន្តថា ជាមួយគ្នានេះ ខេត្តក៏មានគោលដៅរមណីយដ្ឋានទាក់ទាញទេសចរកើនឡើងដល់ ៤២កន្លែង រួមមាន រមណីយដ្ឋានវប្បធម៌ប្រាំពីរកន្លែង រមណីយយដ្ឋានធម្មជាតិ ២៤កន្លែង រមនីយដ្ឋានកែឆ្នៃ ១១កន្លែង និងរមណីយដ្ឋានឯកជនប្រាំបីកន្លែង។
ឯកឧត្តមបានបញ្ជាក់ថា ៖ «តាមរយៈផែនការមេ ដែលបានដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ នឹងជួយប្រែក្លាយកន្លែងទេសចរណ៍ធម្មជាតិនៅក្នុងខេត្តជាប់សមុទ្រមួយនេះ ទៅជាគោលដៅទេសចរណ៍សម្រាកកំសាន្ត បែបប្រណិតកម្រិតខ្ពស់ ហើយរដ្ឋបាលខេត្តកែបក៏ប្តេជ្ញាខិតខំដាក់ចេញយុទ្ធសាស្រ្តកែលម្អនានា ដើម្បីឈានទៅសម្រេចជោគជ័យនៅផែនការនេះផងដែរ»។
បើតាមក្រសួងទេសចរណ៍ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ មានការរៀបចំដោយលម្អិតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋបាលខេត្តកែបផ្ទាល់ និងអន្តរក្រសួងនានា។ តាមរយៈការអនុវត្តផែនមេនេះ ក្រសួងទេសចរណ៍ អះអាងដែរថានឹងបង្កើនភាពទាក់ទាញ បណ្តាក្រុមហ៊ុនវិនិយោគជាតិអន្តរជាតិ និងអង្គការសមាគម ដៃគូរាជរដ្ឋាភិបាល នានាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ឆ្លាតវៃ និងទាក់ទាញនៅក្នុងខេត្តនេះផងដែរ៕ ដោយ៖ បូរ ពេជ្យហ្សាលីន