ចិន ទទួលបានដើមអង្គាបុស្បមួយដើមពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនដើមអង្គាបុស្បមួយដើម ដល់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ដាំក្នុងសួនមិត្តភាពចិន-កម្ពុជា។
នេះបើតាមការបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើជូន ឯកឧត្តម វ៉ាង វិនធាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ និងត្រូវបានឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យកទៅប្រគល់ជូន និងរៀបចំដាំក្នុង «សួនមិត្តភាពចិន-កម្ពុជា» រួចរាល់ហើយផងដែរ។

អមជាមួយនឹងដើមអង្គាបុស្បនោះ ក៏មានសារលិខិតមួយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ដែលបានសរសេរថា ៖ «ក្នុងឱកាស ឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមផ្តល់ជូនដើមអង្គាបុស្បមួយដើម សម្រាប់ដាំក្នុងសួនមិត្តភាពចិន-កម្ពុជា»។
សារលិខិតបានបញ្ជាក់ទៀតថា ដើមអង្គាបុស្ប ដែលមានឈ្មោះវិទ្យាសាស្ត្រ «Millingtonia hortensis Lf» ជាប្រភេទដើមឈើ ដែលអាចមានកម្ពស់ ចាប់ពី១៨ម៉ែត្រ ទៅ២៥ម៉ែត្រ មានអាយុកាលយូរអង្វែង មានម្លប់ត្រឈឹងត្រឈៃ និងមានផ្កាពណ៌ស ក្រអូបប្រហើរ ដូចគ្នានឹងទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលកំពុងបន្តរីកចម្រើនទៅមុខជាមិត្តភាពដែកថែប។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដើមអង្គាបុស្បដែលនឹងចាក់ឫសនៅក្នុង សួនមិត្តភាពចិន-កម្ពុជា ក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់ពីមួយជំនាន់ទៅមួយជំនាន់។ រីឯការរីកលូតលាស់ជានិរន្ត នឹងក្លាយជាសក្ខីភាពនៃនិរន្តរភាព គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន»។

«មិត្តភាពដ៏ស្មោះត្រង់ និងនិរន្តរភាពគោលនយោបាយដែលមាន ឫសគល់អន្តរជំនាន់ដ៏រឹងមាំ នឹងផ្តល់ជាផ្លែផ្កា ដែលមានឧត្តមភាព និងកិត្យានុភាពសុះសាយ ដូចពិដោរក្រអូប ផ្កាអង្គាបុស្ប ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមបន្តមានសុខភាពល្អបរិបូណ៍ និងទទួល បានជោគជ័យគ្រប់ភារកិច្ច»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសារលិខិត។
ចំពោះការជូនអំណោយជាសក្ខីភាព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ថា ការជូនអំណោយនេះ វាហាក់បីដូចជាផ្កាកំពុងស្រស់បំព្រងដូចផ្ការីកនាទិឃរដូវ ដូច្នេះដែរ។
លោកបានថ្លែងថា ៖ «ការជូនផ្កាដ៏ស្រស់ស្អាតនេះ វាបានបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែង ដែលកំពុងតែចេញផ្លែផ្កាមកជាបណ្តើរៗហើយ ដែលតាមរយៈអ្នកដឹកនាំជំនាន់មុនបានកសាងមកជាបន្តបន្ទាប់។ ចំណងមិត្តភាពនេះ ត្រូវតែពូនជ្រុំនាពេលអនាគតទៀត ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយគ្នានាពេលអនាគត»។
លោក គិន ភា បានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងចិន នឹងកាន់តែមានភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែម នៅពេលលោក ហ៊ុន ម៉ាណែត កាន់ដំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការបើកកិច្ចសហប្រតិបត្តិការថ្មីៗ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលប្រទេសទាំងពីរបាននិងកំពុងកសាងនាពេលបច្ចុប្បន្ន៕ ដោយ៖ វណ្ណ សុជាតា