សម្តេចតេជោបានថ្លែងថា នៅសល់តែ១៥ថ្ងៃទៀតទេសម្តេចនឹងលែងក្លាយជានាយករដ្ឋមន្ត្រីទៀតហើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី រយៈពេល១៥ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសតែងតាំងជាផ្លូវការ នៅថ្ងៃទី២២សីហាខាងមុខនេះហើយ។

សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមថា បើគិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលសម្តេចនឹងចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី, ការកាន់តំណែងរបស់សម្តេចក្នុងនាមជាប្រមុខកំពូលដឹកនាំរដ្ឋាភិបាលគិតតាំងពីថ្ងៃទី១៤ មករា ឆ្នាំ១៩៨៥នោះមក «មានរយៈពេល៣៨ឆ្នាំ៧ខែ និង៨ថ្ងៃ ដែលត្រូវជា៤៦៣ខែ ឬ២ពាន់ ១៤សប្តាហ៍ ឬគិតជាថ្ងៃ១ម៉ឺន៤ពាន់៩៩ថ្ងៃ»។

សម្តេចបានសរសេរក្នុងបណ្តាញសង្គមទៀតថា ផុតពីរយៈពេល១៥ថ្ងៃខាងមុខនេះទៀតទៅ, សម្តេចនឹងបន្តកិច្ចការងារក្នុងមុខនាទីផ្សេងទៀត យ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្តេចនឹងបំពេញការងារជាងកន្លះសតវត្សរ៍។

សម្តេចបានថ្លែងមុននេះថា សម្តេចនៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា។ សម្តេចតេជោបានបន្តថា ព្រះមហាក្សត្រទ្រង់នឹងព្រះរាជទានតែងតាំងសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលបានបញ្ចប់ជាស្ថាពរក្នុងតំណែងនាយករដ្ឋមន្ត្រី។

សម្តេចតេជោបានថ្លែងបង្ហាញនូវគម្រោងតទៅមុខទៀតថា សម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគត នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។

គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានឹងមាននៅប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចមកហើយថា សម្តេចនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មីនោះទេ ស្របតាមការចែកអំណាចដាច់ពីគ្នា រវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

ads banner