របាយការណ៍៖ ជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា នៅចុងខែនេះ
តូក្យូ៖ កាសែត Asahi Shimbun របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល ដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រោះចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនៅចុងខែសីហានេះ។
និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីខែមុន បានផ្តល់ការយល់ព្រមដល់ប្រតិបត្តិកររោងចក្រ Tokyo Electric Power ដើម្បីចាប់ផ្តើមបញ្ចេញទឹក ដែលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថា មានសុវត្ថិភាព ប៉ុន្តែប្រទេសជិតខាងជប៉ុនព្រួយបារម្ភថា វាអាចធ្វើឱ្យពុលសត្វសមុទ្រសម្រាប់យកមកធ្វើជាម្ហូបអាហារ។
បើតាមកាសែត Asahi Shimbun របស់ជប៉ុន ការនេសាទត្រីគ្រោងនឹងចាប់ផ្តើមនៅទីក្រុងហ៊្វូគីស៊ីម៉ា និងភាគឦសាននៃទីក្រុងតូក្យូក្នុងខែកញ្ញា ហើយរដ្ឋាភិបាលមានបំណងចាប់ផ្តើមការបង្ហូរទឹក មុនពេលរដូវនេសាទចាប់ផ្តើម។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទខ្លីមួយថា មិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ ក្នុងការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា នៅឡើយទេ។
ដំណឹងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ហើយជប៉ុននឹងពន្យល់មេដឹកនាំទាំងពីរពីរបៀបដែលការបញ្ចេញទឹកនឹងមានសុវត្ថិភាព៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា


