បណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបម្រើជាតិ មាតុភូមិ និងប្រជាជន អស់ពីសមត្ថភាព ក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា បានបង្ហោះប្ដេជ្ញាដូច្នេះនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថា នឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យអស់ពីសមត្ថភាពតាមរយៈការការពារសុខសន្តិភាព និងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
សូមរំលឹកថា បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយនៅថ្ងៃទី២១ ខែសីហា ខាងមុខ ឯកឧត្តម នឹងដឹកដៃគណៈរដ្ឋមន្ត្រីថ្មី ដើម្បីទៅសុំការយល់ព្រមពីសភាជាតិ ៕ដោយ វណ្ណលុក
