កម្ពុជា គាំទ្រប្រទេសឡាវ ជាប្រធានអាស៊ាន នៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ប្រកាសគាំទ្រប្រទេសឡាវ ជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងការអបអរសាទរចំពោះជ័យជម្នះ ភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ។

ឯកឧត្តម ថងលុន ស៊ីសុលី បានស្ងើចសរសើរអំពីតួនាទីស្នូលរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែលទទួលបាន នូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។

ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះ ក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ បានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បាន សម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការ បន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោប្រធានគណបក្ស បានអរគុណយ៉ាងស្មោះសរចំពោះឯកឧត្តម ថងលុន ស៊ីសុលីត ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរអោយកត់សម្គាល់ដែលប្រជាជនឡាវ សម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលមានឯកឧត្តម ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់ឡាវទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរទិវាអាស៊ាន ៨សីហា ក្នុងឱកាសដែល ប្រទេសសមាជិកអាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជា ចំពោះឡាវ ជាប្រធានអាស៊ាន ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជារបស់ពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ របស់ប្រទេសមហាអំណាចដែលកាន់ត ស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរសព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។

ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាល យុវជនបន្តវេន ដើម្បីរក្សា និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់ កិច្ចសហការជិតស្និទ្ធនៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរ ក៏បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចនៅ ប្រទេសកម្ពុជា-ឡាវ តាមពេលវេលាសមស្របផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner