ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ ៖ ណែនាំសមាគមអ្នកភ្លេងខ្មែរត្រូវជំរុញបន្ថែមលើការផ្សព្វផ្សាយ ឈរលើគោលការណ៍ ពលរដ្ឋកម្ពុជា ជាពលរដ្ឋសាកល

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ ណែនាំជំរុញលើការផ្សព្វផ្សាយ ឈរលើគោលការណ៍ ពលរដ្ឋកម្ពុជាជាពលរដ្ឋសាកល បើកទូលាយចំពោះទស្សន:ថ្មីៗ ស្របទៅតាម ការវិវឌ្ឍន៍នៃសង្គមជាតិ និងសាកលជារួម ព្រមទាំងបន្តរក្សាជំហរជាពលរដ្ឋខ្មែរដែលមានអរិយធម៌ វប្បធម៌ អភិរក្សមរតកពីដូនតា ជាពលរដ្ឋដែលមានចិត្តទូលំទូលាយ ផ្សារភ្ជាប់សិល្ប:ជាមួយយុវជន និងសង្គមជាតិថ្មី ប្រកបការច្នៃប្រឌិតខ្ពស់។ ការលើកឡើងនេះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាលជាមួយ លោក ឯល ប៊ុនណា ព្រឹទ្ធាចារ្យអ្នកនិពន្ធបទភ្លេង និង ទំនុកច្រៀង សាស្ត្រាចារ្យ និងសមាជិក សមាជិកា នៃសមាគមអ្នកភ្លេង នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ លោក ព្រឹទ្ធាចារ្យ លោក លោកស្រីសាស្ត្រាចារ្យ សមាជិក សមាជិកា អំពីចក្ខុវិស័យ គោលបំណង ក្នុងការរក្សា អភិរក្សសិល្បៈវប្បធម៌ខ្មែរ ចែករំលែក និងការផ្ទេរចំណេះដឹង ជូនទៅយុវជនជំនាន់ក្រោយ។

លោក មិញ សុធីវណ្ណ បានបញ្ជាក់ឱ្យដឹងថា ចក្ខុវិស័យរបស់សមាគមអ្នកភ្លេង អភិរក្ស និងអភិវឌ្ឍ សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្សក្នុងស្មារតីរួបរួមគ្នា ដែលឈរលើគោលការណ៍ ៣យ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។

លោកបន្តថា សមាគមអ្នកភ្លេងទើបតែបង្កើតថ្មីក្រោមគំនិតផ្តួចផ្តើមរបស់សាស្រ្តាចារ្យ ដូរ្យតន្រ្តី តន្រ្តីករជើងចាស់ និងព្រឹទ្ធាចារ្យ សិល្បៈជាច្រើនរូប ក្នុងស្មារតីសោកស្តាយ និងស្មារតីទទួលខុសត្រូវ អំពីអនាគសិល្បៈវប្បធម៌ និងដូរ្យតន្រ្តីខ្មែរ ក្នុងយុគ្គសម័យសកលភាវូបនីយ្យកម្មនេះ ដោយសមាគមប្រកាន់យកពាក្យស្លោក ឧបស័គ្គគឺជាសាលារៀន ការលំបាកគឺជាឱកាស។

លោកបញ្ជាក់ផងដែរថា សមាគមអ្នកភ្លេងគឺរក្សាចាស់បង្កើតថ្មី ខិតខំបង្កើតកម្មវិធីស្វែងរកមូលនិធិដើម្បីសិក្សាស្រាវជ្រាវ អភិវឌ្ឍសិល្បៈបុរាណខ្មែរ រួមមានល្ខោន ចំរៀង ភ្លេង និងរបាំចងក្រង ជាឯកសារជាតិ ក្នុងនោះដែរ សមាគមអ្នកភ្លេងក៏មានគោលដៅរៀបចំវគ្គខ្លីៗ បណ្តុះបណ្តាលដល់យុវជននូវចំណេះដឹង ដូរ្យតន្រ្តី ប្រវត្តតន្រ្តី ចរិត ឧបករណ៍ និងទ្រឹស្តីជំវិញដូរ្យតន្រ្តីផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner