រលកកម្ដៅនៅអ៊ីតាលី បានរុញអត្រាមរណៈរបស់ប្រជាជនឱ្យហក់ឡើងដល់៧ភាគរយ

រ៉ូម៖ នៅក្នុងខែកក្កដាកន្លងទៅ តំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលីបាន​កត់ត្រា​ពីចំនួន អ្នកស្លាប់​ និងបានរកឃើញថាអត្រាមរណៈរបស់ប្រជាជនបានកើនឡើងដល់ចំនួន ៧ភាគរយ ដែលចំនួននេះ​ច្រើនលើសពីធម្មតា។

អាត្រាមរណៈដែលមានចំនួន ៧ភាគរយ របស់ប្រជាជនអ៊ីតាលីនាពេលថ្មីៗនេះ ​ជាផលប៉ះពាល់ដែលបណ្ដាល ម​កពីការវាយលុកនៃរលកកម្ដៅទៅលើទីក្រុងមួយចំនួនរបស់ប្រទេសនេះ។​

នៅក្នុងទិន្នន័យប្រចាំខែចុងក្រោយបំផុតរបស់ខ្លួន ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី​បានកត់សម្គា​ល់ពីឥទ្ធិពលនៃសីតុណ្ហភាពខ្លាំង លើអត្រាមរណភាពរបស់ប្រទេសក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងអត្រា​ជាមធ្យមដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។​

ទិន្នន័យដដែលនេះក៏បានកត់សម្គាល់ដែរ​ថា សីតុណ្ហភាពបានកើនឡើងលើសពី៤០អង្សារសេ ដែល​បណ្តាល​ឱ្យចំនួនអ្នកស្លាប់មានច្រើនជាងការរំពឹងទុក ជាពិសេសប្រជាជនដែលមានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅ។​

ចំណែក អត្រាមរណភាពកើនឡើង ជាពិសេសនៅក្នុងទីក្រុងភាគខាងត្បូងដូចជា​ ទីក្រុង Bari, Catania និងReggio Calabria។ ផ្ទុយទៅវិញ អត្រាមរណៈនៅក្នុងទីក្រុងនានានៅភាគខាងជើងនៃ​ប្រ​ទេ​សបែរជាមិនសូវរងឥទ្ធិពលពីរលកកម្តៅ ពោលគឺទាបជាងការរំពឹងទុក ដោយបានធ្លាក់ចុះ ១៤% បើធៀបទៅនឹងអត្រាមរណៈក្នុងឆ្នាំកន្លងទៅ។​​

គួរបញ្ជាក់ថា ប្រទេសអ៊ី​តាលី ​ជាប្រទេសនាំមុខគេនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ចាប់តាំងពីរលក​កំដៅបា​នវាយប្រហារប៉ែកអឺរ៉ុបភាគខាងត្បូងកាលពីខែមុន ជាមួយនឹងសីតុណ្ហភាពដ៏ក្តៅ ដែល​នាំឱ្យ​មានអគ្គិភ័​យជាច្រើន និងជំរុញឱ្យមានការស្លាប់ជាបន្តបន្ទាប់របស់ប្រជាជន។​

ជាការរំលឹកផងដែរថា កំណត់ត្រាសម្រាប់សីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបត្រូវបាន​បំបែកកាលពី​​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅពេលដែលសីតុណ្ហភាពបានហក់ឡើងដល់ ៤៨.៨ អង់ស្សាសេ នៅ F​loridia ដែលជាទីក្រុងមួយដែលស្ថិតនៅលើកោះឈ្មោះថា Sicilian នៃប្រទេស​អ៊ីតាលី។

សម្រាប់ឆ្នាំនេះ អ្នកជំនាញដាក់ការទស្សន៍ទាយថា ប្រទេសអ៊ីតាលីអាចនឹងឈានទៅបំបែកកំណត់​ត្រាទាក់ទងនឹង​សីតុ​ណ្ហភាពនេះ​សារជាថ្មី ដែលមានន័យថា រលកកម្ដៅនាឆ្នាំនេះទំនងនឹងកាន់តែអាក្រក់ជាងឆ្នាំ ២០២១ ទៅទៀត៕

ប្រែសម្រួល៖កែវ បុស្បា

ads banner