លោកឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៣នាក់ ត្រូវបានកម្លាំងនគរបាលបញ្ចូនទៅកាន់តុលាការហើយ
(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជូនខ្លួនលោកឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៣នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា, បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧកញ៉ា ហុី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងចាប់ឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែកអង្គរក្សចំនួន 13 រូបទៀត ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រារាំង និងបង្ករសង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ។

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)។
ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ៕
បច្ចុប្បន្ន លោកឧកញ៉ា និងអង្គរក្ស ១៣នាក់ទៀតកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ដោយ ប្រជាពលរដ្ឋរងចាំមើលថា នីតិវិធីរបស់តុលាការ ចាត់អោយវាសនា លោក ឧក ញ៉ា និង អង្គរក្ស ទៅជាយ៉ាងណា៕



ដោយ ៖ ភារ៉ា និង ប៊ុនធី