២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥០០ករណី (Video Inside)

ប្រទេសចំនួន៥ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងថ្មី កូវីដ១៩។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៦៨ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៣២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសឥណ្ឌូនេស៊ី, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ២ពាន់ ៨១៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧១៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner