វិមានក្រឹមឡាំង៖ កិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែនដែលគ្មានរុស្ស៊ី គឺគ្មានតម្លៃ

មូស្គូ៖ រាល់កិច្ចពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែនដែលមិនមានវត្តមានរុស្ស៊ី គឺគ្មានតម្លៃទេ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា ដោយសំដៅលើកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានអះអាងថា រុស្ស៊ីច្រានចោល “រូបមន្តសន្តិភាព” របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលរបបទីក្រុងកៀវ និងលោកខាងលិចកំពុងព្យាយាមលើកកម្ពស់ អំឡុងកិច្ចពិភាក្សាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត។

ជាពិសេស គំនិតផ្តួចផ្តើមទាមទារឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែន ហើយប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា ផែនការសន្តិភាពនេះ ស្មើនឹងឱសានវាទគ្មានប្រយោជន៍ចំពោះរុស្ស៊ី ដែលមានបំណងអូសបន្លាយអរិភាព និងថា គ្មានដំណោះស្រាយដោយសន្តិវិធីអាចត្រូវបានសម្រេច ដោយផ្អែកលើមូលដ្ឋានបែបនេះទេ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីសន្តិភាពនៅអ៊ុយក្រែនបានប្រព្រឹត្តទៅនៅទីក្រុង Jeddah កាលពីថ្ងៃទី៥ និងទី៦ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់មកពីជាង ៤០ប្រទេសបានចូលរួម ក្នុងនោះរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប។ ដៃគូរបស់រុស្ស៊ីមកពីក្រុមប្រទេស BRICS មានដូចជាប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានេះដែរ រួមជាមួយនឹងប្រទេសជាច្រើនដែលបានជ្រើសរើសអព្យាក្រឹតភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានោះទេ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner