ការលក់រថយន្តរបស់រុស្ស៊ី កើនឡើងជិតបីដងក្នុងខែកក្កដា
មូស្គូ៖ ទីភ្នាក់ងារវិភាគ Autostat បានរាយការណ៍ថា ការលក់រថយន្តនៅរុស្ស៊ីបានកើនឡើងជិតបីដងក្នុងខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារឧស្សាហកម្មរថយន្តក្នុងស្រុកបន្តងើបឡើងវិញ ពីផលប៉ះពាល់ដោយសារទណ្ឌកម្មរបស់លោកខាងលិច។
ទីភ្នាក់ងារវិភាគ Autostat បានគូសបញ្ជាក់ថា ក្នុងខែកក្កដា រថយន្តដឹកអ្នកដំណើរថ្មីចំនួន ៩៥,៦៥៤គ្រឿងត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ពោលគឺកើនឡើង ២.៧ដង ច្រើនជាងកាលពីខែកក្កដា ឆ្នាំ២០២២។ LADA របស់រុស្សី គឺជាម៉ាកដែលលក់ដាច់ជាងគេ ដោយបានលក់រថយន្តអស់ចំនួន ២៧,៣៧៦គ្រឿងកាលពីខែមុន តំណាងឱ្យការកើនឡើង ១៦៣ភាគរយ បើធៀបនឹងឆ្នាំមុន។ នៅក្នុងខែមិថុនា ទីភ្នាក់ងារ Autostat ក៏បានរាយការណ៍ពីការលក់រថយន្តកើនឡើង ១៥១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
សូមបញ្ជាក់ថា ឧស្សាហកម្មរថយន្តរុស្ស៊ី ដែលពឹងផ្អែកខ្លាំងលើការវិនិយោគ និងឧបករណ៍ពីបរទេស បានទទួលរងនូវវិបត្តិកាលពីឆ្នាំមុន ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនផលិតបរទេស ព្រោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះនៅអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានចាប់ផ្ដើមពង្រីកទីផ្សារដ៏ធំមួយនៅក្នុងទីផ្សារប្រទេសរុស្ស៊ី ហើយត្រូវបានគេរំពឹងថា នឹងឈានដល់ចំណែក ៦០ភាគរយ នៃការលក់សរុបនៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមបណ្តាញចែកចាយរថយន្ត Autodom៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

