Huawei រកប្រាក់ចំណូលបានប្រមាណ៥៨,៣ពាន់លានដុល្លារអាម៉េរិក កើនឡើងដល់២៣,២% ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ
ចិន៖ ប្រធានក្រុមហ៊ុនហូវៃ លោក លៀង ហ្វ័រ បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ប្រាក់ចំណូលទទួលបានពីការលក់របស់ហូវៃ មានចំនួន៤០១,៣ពាន់លានយ័ន ឬស្មើនឹង៥៨,៣ពាន់លានដុល្លារអាម៉េរិក ខណៈតួលេខនេះមានការកើនឡើង២៣,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆមាសទី១ ឆ្នាំនេះ ហូវៃ ទទួលបានប្រាក់ចំណូលពីការលក់ទូរសព្ទស្មានហ្វូនមាន ចំនួន២២០,៨ពាន់លានយ័ន ឬជាង៣២ពាន់លានដុល្លារ បានកើនឡើងរហូតដល់១១៨លានគ្រឿងស្មើនឹង២៤ភាគរយលើសពីឆ្នាំមុន។ បន្ថែមលើនេះ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សរបស់ចិនមួយនេះ ក៏បានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម5Gចំនួន៥០ នៅទូទាំងពិភពលោកផងដែរ។
គួរបញ្ជាក់ថា ក្នុងនាមជាសហគ្រាសអាជីវកម្ម ក្រុមហ៊ុនហូវៃរបស់ចិន នៅតែជាអ្នកផ្គត់ផ្គង់ដែលគួរឲ្យជឿទុកចិត្ត ទាំងសម្រាប់រដ្ឋាភិបាល និងអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ថាមពល និងរថយន្ត ជាមួយនឹងប្រាក់ចំណូល៣១,៦ពាន់លានយ័ន ឬជិត៤,៦ពាន់លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ៕ធ.ដ