ក្រសួង​ទេស​ចរណ៍លើក​ទឹក​ចិត្ត​​ឱ្យ​អាជីវ​កម្ម​កាណូត​ទេស​ចរ​ណ៍ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​ពី​​គុណ​ភាព​សេវា​កម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ក្រសួង​ទេស​ចរណ៍នឹង​បន្ត​ចុះ​ពង្រឹង​គុណ​ភាព​សេវា​កម្ម​កាណូត​ដែល​ទទួល​ស្គាល់​ពី​ក្រសួង​​និង​លើក​ទឹក​ចិត្ត​​ឱ្យ​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ផ្សេង​ទៀត​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​ពី​ក្រសួងដើម្បី​ធា​នា​​ថា ​ការ​ធ្វើ​ដំ​ណើ​រ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិ​ភាពនិង​គុណ​ភាព​។ដោយឡែកមន្រ្តីជាន់ខ្ពស់នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា តាមការសង្កេតការរៀបចំសេវាកាណូតទេសចរណ៍បានល្អអាចទទួលយកបាន តែម្ចាស់កាណូតបើអាចគួរតែប្តូរម៉ាស៊ីនកាណូតរបស់ខ្លួនដើម្បីកាត់បន្ថយសំឡេងរំខាន។

​​ក្រសួង​ទេស​ចរណ៍បានជូនដំណឹង​​​​នៅ​ថ្ងៃ​ទី​៧ខែ​សីហា​​​ថា ក្រសួង​​កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ និង​ទទួល​ស្គាល់​គុណ​ភាព​សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា ដើម្បី​ធា​នា​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិ​ភាព និង​គុណ​ភាព ស្រប​តាម​លក្ខណៈ​ស្តង់​ដារ​។ ការ​វាយ​តម្លៃ​សុវត្ថិ​ភាព និង​គុណ​ភាព​សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា​ ត្រូវ​មា​ន​លក្ខណៈ​វិនិ​ច្ឆ័យ​ចំនួន​៣៤ និង​លក្ខ​ខណ្ឌ​តម្រូវ​ចំនួន​១៩ ក្នុង​នោះ ផ្តោត​ទៅ​លើ​​​៖​ សូច​នា​ករ​ពី​បរិស្ថាន, សូច​នា​ករ​ពី​ការ​តុប​តែង​ខាង​ក្នុង, សូច​នា​ករ​ពី​សុវត្ថិ​ភាព, សូច​នា​ករ​ពី​សំភារៈ​ប្រើ​ប្រាស់ និងសូច​នា​ករ​ពី​បុគ្គ​លិក និង​ការ​បម្រើ​សេវា​កម្ម​ទេស​ចរណ៍​។

ក្រសួង​ទេស​ចរណ៍​បញ្ជាក់​ថា​ ៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ពី​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍ និង​កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​-​គុណ​ភាព​សេវា​កម្ម មុន​ឈាន​ដល់​ការ​ចេញ​វិញ្ញា​​បន​បត្រ​បញ្ជាក់​គុណ​ភាព​សេវា​កម្ម ដើម្បី​អនុ​ញ្ញាត​ឱ្យ​អាជីវ​កម្ម​អាច​ប្រើ​ប្រាស់​សម្រាប់​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ជា​ដៃ​គូ​រ​»​​។

ក្រសួង​ទេស​ចរណ៍ ក៏​​បន្ត​លើក​ទឹក​ចិត្ត​ដល់​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ផ្សេង​ទៀត ​ឱ្យ​​មក​ដាក់​ពាក្យ​ស្នើ​សុំ​ទទួល​ស្គាល់​គុណ​ភាព​សេវា​កម្ម ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍​រាជ​ធានី​ភ្នំពេញ ឬ​តាម​រយៈ​មន្ទី​រ​ទេស​ចរណ៍​រាជ​ធានី​-​ខេត្ត​ផង​ដែរ​។

 លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) បាន​ប្រាប់​ឱ្យ​ដឹង​ថា សេវា​កម្ម​កាណូត​ទេស​ចរណ៍​កម្ពុជា លោក​ស្រី​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ ពួក​គាត់​ជា​អ្នក​ដែល​បម្រើ​សេវា​​កម្ម​ទាំង​នេះ បាន​រៀប​ចំ​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេស​ចរ​​អាច​ទទួល​យក​​បាន ហើយ​ក៏​មើល​ឃើញ​ថា ​ក្រ​សួ​ង​ទេស​ចរណ៍ ក៏​ឧស្សាហ៍​ចុះ​វាយ​តម្លៃ ត្រួត​ពិនិត្យ ដើម្បី​ទទួល​​​ស្គាល់​​ទៅ​​លើ​សេវា​កម្ម​របស់​​អ្នក​ធ្វើ​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​នេះ​ផង​ដែរ​។

លោក​ស្រី​បន្ត​ថា ​​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍​ទាំង​អស់​ដែល​បាន​ទទួល​ស្គាល់​ពី​ក្រសួង​ទេស​ចរណ៍ គឺ​ប្រា​ក​ដ​ណាស់​អាជីវ​កម្ម​របស់​ពួក​គាត់​មាន​ស្ដង់​ដារ​អនា​ម័យ គុណ​ភាព​សេវា​កម្ម ហើយ​និង​សោ​ភ័ណ​ភាព​នៃ​ការ​​រៀប​ចំ​របស់​ពួក​គាត់​តាម​បែប​លក្ខណៈ​ធម្ម​ជាតិ​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​។

ស្រប​ពេល​គុណ​ភាព​សេវា​កម្ម អនា​ម័យ មាន​ភាព​ល្អ​គួរ​សម​ហើយ លោក​ស្រីក៏​បានលើកឡើងដែរ​​ថា អ្នក​ធ្វើ​អាជីវ​កម្ម​កាណូត​ទេស​ចរណ៍ ក៏​គួរ​តែ​ផ្លាស់​ប្ដូរ​ម៉ាស៊ីន​កាណូត​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​សំឡេង​រំខាន​ពី​​ម៉ាស៊ី​ន​កាណូត​ទៅ​កាន់​ភ្ញៀវ​ទេស​ចរ​ ​ព្រោះ​បើ​កម្ពុជា​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ជិត​ខាង ​​ម៉ាស៊ីន​កាណូត​ទេ​ស​ចរណ៍​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា ត្រូវ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ​។

លោកស្រី ឆាយ ស៊ីវលីន ថ្លែង​ថា ​ ​​ប្រសិន​ជា​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ ឬ​​ដាក់​ម៉ាស៊ីន​កាណូត​ដែល​ស្ងាត់​ស្ងៀម នោះ​វា​កាន់​តែ​ធ្វើ​ឱ្យ​ល្អ​ថែម​ទៀត​នៅ​ក្នុង​សេវា​កម្ម​កាណូត​ទេស​ចរណ៍ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ យើង​បាន​ប្រឹង​ប្រែង​ល្អ​ច្រើន​ហើយ ប៉ុន្តែ​​ទាស់​ត្រង់​តែ​សំឡេង​ម៉ាស៊ីន​វា​នៅ​លាន់​ដូច​សម័យ​ដើម​នៅ​ឡើយ។ ដូច្នេះ​យើង​គួរ​តែ​ផ្លាស់​ប្ដរ​វា​ទៅ ដើម្បី​អាច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បន្ថែម​ទៀត​»​។

លោក​ស្រី​បន្ថែម​ថា ពេល​ខ្លះ​ភ្ញៀវ​ទេស​ចរ​​ធ្លាប់​ទទួល​សេវា​កម្ម​កាណូត​ពី​ប្រទេស​ជិត​ខាង​កម្ពុជា​ ដែល​ធ្វើ​ដំ​ណើរ​ដោយ​គ្មាន​សំឡេងម៉ាស៊ី​ន​រំខាន ខណៈ​ដែលក​ម្ពុជា​មាន​បរិយា​កាស ទេស​ភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត ប៉ុន្តែ​បែរ​ជា​មាន​សំឡេង​រំខាន​ខ្លាំង​ពី​ម៉ាស៊ីន​កាណូត។ ដូច្នេះ​វា​ជា​រឿង​មួយ​ដែល​សោក​ស្ដាយ​ចំពោះ​ទេស​ភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បែប​នេះ​។

​យោង​តាម​ក្រសួង​ទេស​ចរណ៍ បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​មាន​អាជីវកម្ម​កាណូត​ទេស​ចរណ៍​ចំនួន២ នៅ​ក្នុង​ខេត្ត​សៀម​រាប រួម​មាន​៖ សមាគម​កាណូត​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ចុង​ឃ្នៀស​ និង​សហគមន៍​ទេស​ចរណ៍​ធម្ម​ជាតិ កំពង់​ឃ្លំាង ត្រូវ​បាន​ក្រសួង​ទេស​ចរណ៍​ទទួល​ស្គាល់ និង​ចេញ​វិញ្ញា​បន​បត្រ​បញ្ជាក់​ពី​គុណ​ភាព​សេវា​កម្ម​៕

ដោយ៖ជា សុខនី

ads banner