ចិនអំពាវនាវសារជាថ្មី ឱ្យហ្វីលីពីនដកនាវាចម្បាំងនៅឆ្នេរថូម៉ាសសូលទីពីរ
នៅថ្ងៃទី៨ ខែសីហា ក្រសួងការបរទេសចិន បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យហ្វីលីពីនអូសនាវាចម្បាំងមួយគ្រឿងដែលបានលិចកាលពីសម័យសង្គ្រាមលោកលើកទី២ និងដែលមានសភាពច្រេះខ្លាំង ចេញពីតំបន់ជម្លោះ ប៉ុន្តែភាគីហ្វីលីពីនបានជូនដំណឹងដល់ទីក្រុងប៉េកាំងវិញថា ខ្លួននឹងមិនចាកចេញពីតំបន់នោះទេ។
វិវាទនៅជុំវិញតំបន់ឆ្នេរ ថូម៉ាសសូលទីពីរ (Second Thomas Shoal) នៅតំបន់សមុទ្រចិនខាងត្បូង បានកើតមានឡើងបន្ទាប់ពីទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំឆ្នេររបស់ប្រទេសចិនថាបានធ្វើសកម្មភាពហួសព្រំដែន និងបានវាយលុកប្រឆាំងនឹងនាវាហ្វីលីពីន។
ក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ប្រទេសចិនបានជំរុញជាថ្មីម្តងទៀត ឱ្យភាគីហ្វីលីពីនដកនាវាចម្បាំងចេញពីតំបន់ឆ្នេរថូម៉ាសសូលទីពីរជាបន្ទាន់ ហើយត្រូវដាក់តំបន់នេះទៅជាតំបន់ដែលគ្មានការគ្រប់គ្រង និងកាន់កាប់ដោយប្រទេសណាមួយនោះទេ»។
ក្រសួងការបរទេសចិនបានបន្ថែមថា ៖ «ប្រទេសចិនបានទាក់ទងទៅកាន់ហ្វីលីពីន និងជជែកអំពីបញ្ហានៅតំបន់ឆ្នេរថូម៉ាសសូលទីពីរជាច្រើនដង តាមរយៈបណ្តាញការទូត ប៉ុន្តែហ្វីលីពីនបានអើពើចំពោះបំណងល្អ និងភាពស្មោះត្រង់របស់ប្រទេសចិន»។
ក្រសួងបានបន្ថែមថា ៖ «ប្រទេសចិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដែនសមុទ្រ តាមរយៈការពិភាក្សា និងការពិគ្រោះយោបល់»។ លោក ចូណាថាន់ ម៉ាឡេយ៉ា (Jonathan Malaya) ដែលជាជំនួយការអគ្គនាយកក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន តែងតែបានលើកឡើងម្តងហើយម្តងទៀតថា ហ្វ៊ីលីពីននឹងមិនបោះបង់គោលជំហររបស់ខ្លួននៅតំបន់ឆ្នេរមួយនេះនោះទេ។
លោកបានបន្ថែមថា ៖ «យើងសូមជំរុញឱ្យប្រទេសចិនកុំធ្វើឱ្យបញ្ហាកាន់តែរីកធំទៅៗ ដោយប្រើប្រាស់កាំភ្លើងកាណុង ឬឡាស៊ែរយោធា ដែលទាំងអស់នេះបានធ្វើឱ្យហ្វីលីពីនត្រូវប្រឈមនឹងហានិភ័យ។ ផ្ទុយទៅវិញ ភាគីចិនត្រូវចូលរួមចរចាដោយស្មោះត្រង់ និងដោះស្រាយតាមមធ្យោបាយការទូតផ្សេងៗទៀត»។
គួរកត់សម្គាល់ថា ភាពតានតឹងរវាងប្រទេសទាំងពីរជុំវិញតំបន់សមុទ្រចិនខាងត្បូង បានកើនឡើងកាន់តែខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាមេរិក ដែលតែងតែគាំទ្រទីក្រុងម៉ានីលក្នុងជម្លោះដែនសមុទ្រជាមួយចិន។
ដោយឡែក ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ចិនបានប្រាប់ទីក្រុងម៉ានីលកុំឱ្យបញ្ជូនកប៉ាល់ទៅកាន់ច្រាំងថ្មនោះ និងមិនត្រូវបញ្ជូនសម្ភារសម្រាប់ជួសជុល ទៅកាន់នាវាចម្បាំងដែលនៅតំបន់នោះនោះទេ។
ក្រសួងការបរទេសចិនបានបញ្ជាក់បន្ថែមនៅថ្ងៃដដែលថា ខ្លួនបានបញ្ឈប់នាវាហ្វីលីពីនដែលកំពុងធ្វើដំណើរទៅកាន់ច្រាំងទន្លេនោះ ដោយអនុលោមតាមច្បាប់ និងបានថ្កោលទោសហ្វ៊ីលីពីនចំពោះការរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅតំបន់សមុទ្រចិនខាងត្បូង។
កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីនបានលើកឡើងថា ចិនគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបវិញនោះទេ។ ឯកអគ្គរដ្ឋទូត លោក ហួង ស៊ីលាន (Huang Xilian) បាននិយាយថា «ប្រទេសចិនបាននិងកំពុងរង់ចាំស្ដាប់មតិកែលម្អពីភាគីហ្វីលីពីន ហើយសង្ឃឹមថាភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរួមគ្នារក្សាស្ថិរភាព និងសន្តិភាពនៅតំបន់ដែនទឹកដែលពាក់ព័ន្ធ»។
គួរដឹងដែរថា ភាគីចិនបានទាមទារអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដែលតំបន់ទាំងនោះមានការត្រួតលើគ្នាជាមួយដែនទឹកម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ តៃវ៉ាន់ និងហ្វីលីពីនផងដែរ៕ ធា សុណា
ប្រភព៖ Channel NewsAsia China repeats call for Philippines to remove grounded warship