ផ្លូវជាប់សាលាក្រុងសែនមនោរម្យខូចខ្លាំង ពលរដ្ឋស្នើឲ្យជួសជុលឆាប់ៗ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគីរី៖ ពលរដ្ឋក្នុងក្រុងសែនមនោរម្យ បានទន្ទឹងរង់ចាំរយៈពេលជាង២ឆ្នាំទៅហើយ នូវផ្លូវ១ខ្សែជាប់សាលាក្រុង មានប្រវែងតែ៣០០ម៉ែត្រប៉ុណ្ណោះ ដែលអជ្ញាធរបានសន្យាថានឹងកែប្រែផ្លូវនេះ ទៅជាផ្លូវក្រាលបេតុង ប៉ុន្តែនៅពេលនេះ គឺខូចខាតខ្លាំងឡើងៗហើយ មិនទាន់ឃើញស្ថាបនាទៀត។

ប្រជាពលរដ្ឋនៅតាមដងផ្លូវខាងលើលើកឡើងថា ផ្លូវ១ខ្សែនេះមានស្ថានភាពលំបាកច្រើនឆ្នាំមកហើយ ប្រហែល៣ឆ្នាំមុន អាជ្ញាធរធ្លាប់បានឈូសឆាយកែសម្រួលម្ដង ប៉ុន្តែក្នុងឆ្នាំនេះ តួផ្លូវបានខូចខាតខ្លាំងឡើងវិញ ព្រោះតែទឹកហូរច្រោះកាត់លើផ្លូវច្រើនកន្លែង មានសភាពរដិបរដុបពិបាកធ្វើដំណើរ និងរអិលខ្លាំងពេលមានភ្លៀងធ្លាក់ម្ដងៗ។ ប្រជាពលរដ្ឋបន្តថា ពួកគាត់ធ្លាប់បានដំណឹងពីអាជ្ញាធរថា នឹងស្ថាបនាផ្លូវនេះជាប្រភេទផ្លូវបេតុងតាំងពី២ឆ្នាំមុន តែរហូតមកដល់បច្ចុប្បន្ននៅមិនទាន់ឃើញមានការធ្វើនៅឡើយ។

ប្រជាពលរដ្ឋមួយរូបឈ្មោះ បាន សាវិន បានលើកឡើងដែរថា ផ្លូវ១ខ្សែនេះពិបាកធ្វើដំណើរទាំងឡាន ទាំងម៉ូតូ ហើយនៅពេលមានភ្លៀង អ្នកបើកម៉ូតូគឺលំបាកតែម្ដងព្រោះតែរអិល។ លោកបានសំណូមពរឲ្យអាជ្ញាធរសូមជួយជួសជុលផ្លូវនេះផង ដើម្បីស្រួលធ្វើដំណើរទាំងអស់គ្នា។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានប្រាប់ថា រដ្ឋបាលក្រុងមានផែនការស្ថាបនាផ្លូវនេះឡើងវិញ ប៉ុន្តែកញ្ចប់ថវិកានៅមានកម្រិត ពុំទាន់មានលទ្ធភាពធ្វើ។ លោកថា ផ្លូវ១ខ្សែនេះ នឹងស្ថាបនាជាផ្លូវបេតុង ឬផ្លូវក្រាលកៅស៊ូ នៅដើមឆ្នាំ២០២០ខាងមុខ៕ធ.ដ

ដោយៈសាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner