គណរដ្ឋមន្ត្រីថ្មី និងគណរដ្ឋមន្ត្រីចាស់ ជួបមុខគ្នាជាលើកដំបូង (Video Inside)
គណរដ្ឋមន្ត្រីដែលជិតផុតអាណ្ណត្តិ និងគណរដ្ឋមន្ត្រីថ្មី ដែលត្រៀមនឹងបន្តដឹកនាំកិច្ចការប្រទេសជាតិ បានជួបគ្នានារសៀលថ្ងៃទី១០សីហានេះ នាវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
នេះជាការបង្ហាញមុខលើកដំបូងហើយ នៃសមាសភាពដឹកនាំក្នុងគណរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត។ រូបថតជាច្រើនត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែមិនទាន់មានការធ្វើអត្ថាធិប្បាយលំអិតណាមួយ ជុំវិញខ្លឹមសារ នៃជំនួបរវាងគណរដ្ឋមន្ត្រីចាស់ និងថ្មីនេះឡើយ។
យោងតាមរូបថតដែលបានបង្ហោះតាមបណ្តាញសង្គម, គេសង្កេតឃើញរដ្ឋមន្ត្រីថ្មីមួយចំនួន ដែលជំនួសរដ្ឋមន្ត្រីចាស់ ដូចជាលោក ស សុខា ដែលនឹងជំនួសសម្តេចក្រឡាហោម ស ខេង ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ទៀ សីហា នឹងជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ដែលនឹងជំនួសលោក ប្រាក់ សុខុន នៃរដ្ឋមន្ត្រីក្រសួងការបរទេស, លោក វង្ស៊ី វិសុទ្ធ នឹងជំនួសកិត្តិនិតិកោសល្យបណ្ឌិត ប៊ិន ឈិន, លោក សាយ សំអាល់ ជំនួសលោក ជា សុផារ៉ា នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោក អៀង សុផល្លែត នឹងជំនួសតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា ជំនួសលោក ខៀវ កាញារីទ្ធ នៃក្រសួងព័ត៌មាន, លោក ហេង សួរ ជំនួសលោក អ៊ិត សំហេង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហួត ហាក់ ជំនួសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា, លោក ប៉េង ពនា ជំនួសលោក ស៊ុន ចាន់ថុល នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីវ័យក្មេងជាច្រើនទៀត ដែលជាយុវជនវ័យក្មេង និងមានសមត្ថភាព។ យោងតាមប្រតិទិន គណរដ្ឋមន្ត្រីថ្មី នឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២សីហាខាងមុខនេះ។