សម្តេចតេជោហៅវិទ្យុអាស៊ីសេរី ជាវិទ្យុ «ឆ្កឹះឆ្កៀល» (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ថាជាវិទ្យុចូលចិត្ត «ឆ្កឹះឆ្កៀល» និងការបង្កភាពញុះញង់ ដែលចង់ឱ្យមានភាពបែកបាក់គ្នារវាងខ្មែរ និងខ្មែរ។ ប្រសាសន៍រិះគន់នេះ បានធ្វើឡើងតាមសារសម្លេងមួយវេលាយប់ថ្ងៃទី៩សីហា
ប្រសាសន៍រិះគន់នេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីជាភាសាខ្មែរនោះ បានព្យាយាមស្វែងរកចំណុចចាក់ចុចបង្កឱ្យមានភាពមន្ទិល ដើម្បីធ្វើយ៉ាងណាឱ្យមានស្នាមសង្ស័យ បើទោះបីរឿងដែលគ្មានការពិត…និងទង្វើរបស់វិទ្យុអាស៊ីសេរីទាំងនោះ ត្រូវគេចាត់ទុកថាជាការប្រព្រឹត្តខុសទាំងស្រុងនឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
វិទ្យុអាស៊ីសេរីបានផ្សាយបង្ហាញការញុះញង់ថា មានថ្នាក់ដឹកនាំកំពូល នៅផ្ទៃក្នុងគណបក្សមិនបានគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីឡើយ។
វិទ្យុអាស៊ីសេរី ត្រូវគេចាត់ទុកថា គឺជាវិទ្យុដែលមាននិន្នាការគាំទ្រក្រុមធ្វើនយោបាយប្រឆាំង ដែលចង់ឱ្យកម្ពុជាមានសន្តិភាព ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីឡើងវិញ តាមមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌។
វិទ្យុអាស៊ីសេរីបានផ្សាយបង្កើតការសង្ស័យ ជុំវិញជម្លោះទាស់គ្នា ក្នុងរង្វង់ការតែងតាំងប្រធានរដ្ឋសភាថ្មី ក្នុងអាណ្ណត្តិថ្មីខាងមុខនេះ។ សម្តេចតេជោក្នុងសារសម្លេង បានបកស្រាយបញ្ជាក់ច្បាស់ៗបំភ្លឺប្រាប់មកវិញយ៉ាងនេះ។
សម្តេចតេជោបានបញ្ជាក់បន្ថែមទៀតថា ផ្ទៃក្នុងរង្វង់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាគ្រឹះដ៏រឹងមាំមួយ ដែលមិនឈ្លោះប្រកែកគ្នា ដើម្បីការដណ្តើមអំណាច និងមិនបែកបាក់គ្នា ដោយសារតែអំពើញុះញង់មកពីខាងក្រៅឡើយ។ សម្តេចបានថ្លែងថាការធ្វើអត្ថាធិប្បាយ និងការផ្សាយតាមវិទ្យុអាស៊ីសេរីនេះ នឹងគ្មានការជឿទុកចិត្តណាមួយទៀតឡើយ ពីរង្វង់អ្នកស្តាប់ក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនៅបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះទៀត ថ្នាក់ដឹកនាំកំពួលម្នាក់ទៀត គឺឯកឧត្តម ឌិត មន្ទីរ ដែលធ្លាប់គ្រប់គ្រងក្នុងតំណែងប្រធានតុលាការកំពូល ក៏បានដាក់ពាក្យថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការចូលនិវត្តន៍ផងដែរ ដោយសារតែវ័យចំណាស់ និងមានចំណោទសុខភាពថែមទៀត។
សម្តេចបានថ្លែងបន្តទៀតថា ថ្នាក់ដឹកនាំដែលមានវ័យចំណាស់មួយចំនួនទៀត ក្នុងស្ថាប័នព្រឹទ្ធសភា ដូចជាប្រធានព្រឹទ្ធសភា, អនុប្រធានទី១ព្រឹទ្ធសភា, ប្រធានគណៈកម្មការកិច្ចការបរទេស និងអ្នកដទៃទៀត ដែលមានវ័យចំណាស់ និងមានចំណោទផ្នែកសុខភាព ក៏បានស្នើសុំចាកចេញពីតំណែង និងមិនឈរឈ្មោះជាសមាជិកព្រឹទ្ធសភានោះទៀតឡើយ។