លោក បៃដិន ហៅប្រទេសចិនថាជាប្រទេសគ្រោះថ្នាក់មើលមិនឃើញ ជុំវិញបញ្ហាសេដ្ឋកិច្ច

អាមេរិក៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានហៅប្រទេសចិនថាជាប្រទេស «គ្រោះថ្នាក់ដែលមើលមិនឃើញ» ដោយសារតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ហើយថាប្រទេសនេះមានបញ្ហា គឺដោយសារតែកំណើនសេដ្ឋកិច្ចខ្សោយ។

លោក បៃដិន បានបន្តថា «ពួកគេកំពុងតែមានបញ្ហា ដូច្នេះវាមិនល្អនោះទេ ព្រោះនៅពេលដែលក្រុមមនុស្សអាក្រក់មានបញ្ហា ពួកគេនឹងចាប់ផ្ដើមធ្វើរឿងអាក្រក់» នេះជាការលើកឡើងរបស់លោកនៅឯកម្មវិធីរៃអង្គាសថវិកានយោបាយមួយ ក្នុងរដ្ឋយូថា (Utah)។

ការលើកឡើងរបស់លោក បៃដិន បានធ្វើឱ្យគេនឹកឃើញដល់ការអត្ថាធិប្បាយដែលលោកធ្លាប់បានរិះគន់ចិនម្ដងមកហើយនៅក្នុងកម្មវិធីរៃអង្គាសថវិកាមួយកាលពីខែមិថុនាកន្លងទៅ។ នៅពេលនោះ លោកបាននិយាយសំដៅទៅកាន់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ថាជា «ជនផ្តាច់ការ»។ ដោយឡែក ភាគីចិនបានចាត់ទុកថាការលើកឡើងបែបនេះថា «ជាការញុះញង់»។

ការអត្ថាធិប្បាយរបស់លោក បៃដិន ទាំងអស់នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លិងកិន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងជាមួយចិន ដែលទីក្រុងប៉េកាំងតែងតែលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងចំណុចទាបបំផុតរាប់ចាប់តាំងពីឆ្នាំ១៩៧៩ មក។

នៅក្នុងខែកក្កដានេះ វិស័យអ្នកប្រើប្រាស់របស់ប្រទេសចិនបានធ្លាក់ចុះគួរកត់សម្គាល់ ហើយការណ៍នេះបានបង្កឱ្យអត្រាអតិផរណាកើនឡើង។ ជាក់ស្ដែង តម្លៃទំនិញដែលផលិតដោយរោងចក្រក៏បានបន្តធ្លាក់ចុះផងដែរ។ ប្រទេសចិនទំនងជាកំពុងឈានឆ្ពោះទៅកាន់ពេលវេលាមួយដែលមានកំណើនសេដ្ឋកិច្ចយឺត ដោយសារតែតម្លៃទំនិញ និងប្រាក់ឈ្នួលស្ថិតនៅទាប។

ដោយឡែក សហរដ្ឋអាមេរិកដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងកំណើនអតិផរណាខ្ពស់ ហើយអាមេរិកក៏មានទីផ្សារការងាររឹងមាំផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បាននិយាយថា ប្រទេសចិនកំពុងមានបញ្ហា ហើយលោកមិនចង់ធ្វើឱ្យចិនឈឺចាប់នោះទេ ផ្ទុយទៅវិញ លោកចង់បានទំនាក់ទំនងមួយដែលសមហេតុផលជាមួយប្រទេសនេះ។

គួររំឭកថា កាលពីថ្ងៃពុធ លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ឱ្យធ្វើការហាមឃាត់ការវិនិយោគអាមេរិកថ្មីមួយចំនួននៅក្នុងប្រទេសចិន ដែលការវិនិយោគនោះមានពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះសៀគ្វីកុំព្យូទ័រជាដើម។

ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅលើពិភពលោក បានឆ្លើយតបថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយសន្យាថាខ្លួននឹងចាត់វិធានការឆ្លើយតបវិញ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner