ទេសចរណ៍ធម្មជាតិជំរុញឱ្យយុវជនស្រឡាញ់ទឹកដីកាន់តែប្រសើរឡើងថែមទៀតលើវិស័យ ទេសចរណ៍
(ខេត្តព្រះវិហារ)៖ ទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានជំរុញឱ្យមានការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីជួបពិធីសំណេះសំណាលជាមួយក្រុមអ្នកដើរព្រៃកម្ពុជានារសៀលថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣នាសាលា ខេត្ត ព្រះវិហារ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋបានស្គាល់ពីតម្លៃវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិ តាមរយៈការជំរុញឱ្យមានទេសចរណ៍តាមតំបន់ធម្មជាតិផ្សារភ្ជាប់ទឹកដី។

ទេសចរណ៍ផ្សារភ្ចាប់ទឹកដីបានលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិដោយក្នុងនេះប្រជាសហគមន៍បានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ជីវភាពក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋាន។ចំណូលដែលជាវិស័យទេសចរណ៍ក្នុងស្រុកមួយភាគធំ និងទេសចរបរទេសបានស្គាល់ទឹកដីកម្ពុជា បានស្គាល់តំបន់ធនធានធម្មជាតិកម្ពុជាបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា”ប្រជាពលរដ្ឋបានទទួលចំណូលតាមរយៈការផលិតនូវស្បៀង បានសេចក្តីថាការនាំចេញនៅនឹងកន្លែង ក្នុងនេះមានដូចជាដំណាំកសិកម្ម ដាំដើមឈើ ការចិញ្ចឹមសត្វ របស់ប្រជាសហគមន៍តាមរយៈការលក់ទៅឱ្យក្រុមអ្នកទេសចរទាំងក្នុងស្រុកនិងបរទេស។វាជាការបំពេញនូវប្រាក់ចំណូលក្នុងសហគមន៍ក៏ដូចជាក្រុមគ្រួសារ”។

ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារបានថ្លែង ដោយធ្វើការគាំទ្រឱ្យមានដំណើរកម្សាន្តមកកាន់តំបន់ការពារធម្មជាតិ ដែលមានក្នុងខេត្តព្រះវិហារជាពិសេសតំបន់ទេសចរណ៍ដែលជាប្រវត្តិសាស្រ្តនានាក្នុងនេះដូចជាតំបន់ប្រាសាទព្រះវិហារ និងតំបន់បេតិភណ្ឌភ្នំត្បែងតែម្តង។

ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ បានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”យុវជនដែលបានធ្វើដំណើរមកកាន់ឬកម្សាន្តតំបន់ធម្មជាតិគឺពិតជាមានតម្លៃ។យុវជនត្រូវតែមានការផ្សព្វផ្សាយតំបន់ការពារធម្មជាតិរបស់យើងទៅកាន់ពិភពលោក ក៏ដូចជាមនុស្សជាតិ។ការធ្វើបែបនេះជាគៀងគរឱ្យក្រុមមនុស្សបានស្គាល់និងស្រឡាញ់ធម្មជាតិបន្ថែមទៀត”។

ក្នុងនាមជាអាជ្ញាធរខេត្ត ឯកឧត្តម វ៉ាត ប៉ារ៉ានីន បានថ្លែងដោយលើកទឹកចិត្តបន្ថែមទៀតក្នុងការមកកម្សាន្ត និងទស្សនាតំបន់អភិរក្សក៏ដូចជាតំបន់ធនធានធម្មជាតិ តំបន់អភិរក្ស និង តំបន់បេតិកភណ្ឌដទៃៗទៀតទាំងក្នុងខេត្តព្រះវិហារ និងក្នុងប្រទេសកម្ពុជាដើម្បីលើកស្ទួយជីវភាពសហគមន៍កាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ៖ បណ្តាយុវជនមកពីស្ថាប័ននានាដែលមានប្រមាណជាង២០០នាក់បាននាំគ្នាមកចូលរួមក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុសធម៌នៅលើភ្នំត្បែង ខេត្តព្រះវិហារចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ ២០២៣៕
អត្ថបទ ៖ ជិន ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត